សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ជួយផ្សះផ្សាការ ខ្វែងគំនិតគ្នារវាងគូភាគី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ អភិបាលកិច្ចល្អ និង នីតិរដ្ឋ សម្រាប់គ្រប់គ្រង និង ដឹកនាំរដ្ឋ ស្រប-តាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅក្នុងសង្គមនីតិរដ្ឋ អំណាចតុលាការ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ការការពារប្រឆាំងការបំពានដោយអយុត្តិធម៌ក្នុងសង្គម, ធានាថែរក្សានូវសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
សម្តេចតេជោ ហ៊ុន សែន ណែនាំលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ, សម្របសម្រួល ផ្សះផ្សា
បញ្ចប់វិវាទរវាងគូភាគី ឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ។
សម្តេចតេជោ ហ៊ុន សែន ណែនាំ ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួល
ដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន ណែនាំសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួន ប្រកបដោយគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់, ពិសេស ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និង តុលាការការងារ ប្រកបដោយគុណភាព, តម្លាភាព និង ភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និង ការធ្វើធុរកិច្ចនៅកម្ពុជាហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា, ច្បាប់ស្តីពីលក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀត ឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង និង លើកកម្ពស់វិជ្ជាជីវៈច្បាប់ ប្រកបដោយតម្លាភាព ទាំងបច្ចុប្បន្ន និងអនាគត។
តាមការឲ្យដឹងពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ តាមរយៈសមិទ្ធផលនាពេលនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់វិស័យយុត្តិធម៌ ដែលជាសសរស្តម្ភមួយដ៏សំខាន់ នៃសង្គមនីតិរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅក្នុង វិស័យយុត្តិធម៌ទាំងមូល ទាំងនៅក្រសួងយុត្តិធម៌ ទាំងនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀតក្នុងការ អនុវត្តការងាររបស់ខ្លួន បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសការបន្តគាំទ្រកាន់តែសកម្មថែមទៀត នូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ ព្រមទាំងការពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសាធារណជនលើវិស័យនេះ។
ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ភ្នំពេញ មាន ទំហំតូច ហើយស្ថានភាពទីតាំងមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជាមិនមានចំនួនសាលសវនាការ គ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការនៃការងារជាក់ស្ដែង, សម្ដេចតេជោនាយករដ្ឋមន្តី បានសម្រេច ផ្តល់ដីមួយកន្លែងទំហំ ៩ ៤៥៦ ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូវលោកតាក្រហមក ភូមិ ព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) និងបាន អនុញ្ញាតមានការសាងសង់នូវ អគារសាលាយុត្តិធម្មថ្មី ដ៏ធំមួយនៅលើទីតាំងដីនេះ ដែលនឹងក្លាយជាកន្លែង បំពេញការងាររួមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអង្គការអយ្យការអមសាលាជម្រះក្តីទាំងពីរនេះ។
អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារ សាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយកតាមលំនាំអគារសាលាយុត្តិធម្ម ដែលជា អតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន ជាអគារទីស្តីការក្រសួងយុត្តិធម៌។ អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កនេះ មានបណ្តោយ ៦២ម ទទឹង ៦០ម កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម២ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារអាមេរិក និង អនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។
អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង រាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺ យកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមាន យុត្តិធម៌” (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ៕