ក្រុមអ្នកនាំពាក្យ គ.ជ.ប ជួបជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ មកពីប្រទេសជប៉ុន
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី ក្រុមអ្នកនាំពាក្យ គ.ជ.ប ជួបជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ មកពីបទសជប៉ុន។
នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធ សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានទទួលជួបលោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមក ពីប្រទេសជប៉ុនរួមទាំងសហការីចំនួន ៧(ប្រាំពីរ) រូប ដើម្បីសម្ដែងការគួរសម និងស្វែងយល់ពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហង្ស ពុទ្ធ សមាជិក និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានមានមតិស្វាគមន៍ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលបាន អញ្ជើញមកចូលរួមសង្កេតមើលការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។
លោក ណាអូតូ សាកាហ្វុជិ បានថ្លែងអំណរគុណដល់ក្រុមអ្នកនាំពាក្យ គ.ជ.ប ដែលបាន ចំណាយពេលទទួលជួបគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តជាតិមកពីប្រទេសជប៉ុន ក្នុងខណៈ ពេលដែល គ.ជ.ប មានការមមាញឹករៀបចំការបោះឆ្នោត។ លោក ណាអូតូ សាកាហ្គុជិ បានរំលឹកអំពីការងាររបស់លោកធ្លាប់ធ្វើនៅប្រទេសកម្ពុជា ក្នុងនាមជាអ្នកស្ម័គ្រចិត្តកាលពី ៣១ ឆ្នាំ កន្លងមក នាសម័យកាលអ៊ុនតាក់ និងលោកធ្លាប់ជាសមាជិករដ្ឋសភាជប៉ុនចំនួន ២ អាណត្តិ។ លោកបាន បញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុននៅ ពេលនេះ មិនមែនចូលរួមក្នុងនាមរដ្ឋាភិបាលជប៉ុនទេ គឺក្រុមរបស់លោកមកតាមអង្គការមិនមែន រដ្ឋាភិបាលដែលមានទីស្នាក់ការនៅប្រទេសជប៉ុន ហើយជំនួបនៅពេលនេះលោកចង់ឈ្វេងយល់ និងមានសំណួរមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នេះ។
ឯកឧត្តម ហង្ស ពុទ្ធ បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលការបោះឆ្នោតនោះ បានរៀបចំ ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។ ឯកឧត្តមបានបន្តថា នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង និងបាន រៀបចំការបោះឆ្នោតជាបន្តបន្ទាប់មកទៀតរហូតមកដល់បច្ចុប្បន្ន។ រហូតមកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល និងអសកល ចំនួន ១៦ លើករួច មកហើយ។
ឯកឧត្តមក៏បានលើកឡើងអំពីដំណាក់កាលសំខាន់ៗទាំង ៤ នៃការបោះឆ្នោតដើម្បីឱ្យ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានយល់ ដែលរួមមាន៖
– ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត
– ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
– ការឃោសនាបោះឆ្នោត និង
– ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្ដម ហង្ស ពុទ្ធ បានពន្យល់បន្ថែមអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាផងដែរ។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិបានលើកឡើងនូវសំណួរមួយចំនួនដូចជា៖ ចំនួនអ្នកសង្កេតការជាតិ និងអន្តរជាតិ
ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែល គ.ជ.ប បានសម្រេចបដិសេធចំនួន ២គណបក្សសកម្មភាពឃោសនាបោះឆ្នោត ជាដើម។
ក្រុមអ្នកនាំពាក្យបានឆ្លើយតបម្ដងមួយសំណួរៗ ដោយបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជាង ៦០០ នាក់ បើប្រៀបធៀបនឹងការបោះឆ្នោតសកលកន្លងមក មានចំនួនជាង ៥០០នាក់តែប៉ុណ្ណោះ។ ចំពោះហេតុផលដែលគណបក្សនយោបាយចំនួន ២ ដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ដោយសារគណបក្សមិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងតាមនីតិវីធី។ រីឯការឃោសនាបោះឆ្នោត គណបក្សនយោបាយនីមួយៗ កំពុងធ្វើសកម្មភាពតាមលទ្ធភាពរបស់ខ្លួនស្របតាមនីតិវិធីឃោសនាបោះឆ្នោត ដែលគិតមកដល់ពេលនេះ មានរយៈពេល ២០ ថ្ងៃហើយ។
ឯកឧត្តម ហង្ស ពុទ្ធ បានបញ្ជាក់បន្ថែមជូនគណៈប្រតិភូថា បើនៅមានចម្ងល់ពាក់ព័ន្ធ នឹងការបោះឆ្នោត គឺអាចទាក់ទងជាមួយក្រុមអ្នកនាំពាក្យ គ.ជ.ប ជាបន្តទៀត ដើម្បីសាកសួរបន្ថែម អំពីការបោះឆ្នោតនៅកម្ពុជា។
ចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តម ហង្ស ពុទ្ធោ បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលកន្លងមក។ ឯកឧត្តមបានសង្ឃឹមថា តាមរយៈអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលមាន លោក ណាអូតូ សាកាហ្គុជិ នឹងជួយជម្រាបអំពីតម្រូវការរបស់ គ.ជ.ប ជូនរដ្ឋាភិបាលជប៉ុន ដើម្បី ផ្តល់ជំនួយបន្ថែមទៀត ដើម្បីឱ្យ គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២៦ ដោយហេតុថា សម្ភារចុះឈ្មោះបោះឆ្នោតដែលបានប្រើមានរយៈពេល ១០ ឆ្នាំមកហើយ។ ជំនួបពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលជាង ២ ម៉ោង ប្រកបដោយការយោគយល់ និងស្និទ្ធស្នាល៕