ឯកឧត្ដមឃួង ស្រេង និងលោកជំទាវចូលបច្ច័យបុណ្យសព អនុសេនីយ៍ឯក សួន រ៉ោន ដែលពលីនៅតំបន់មុំបី ចំនួន១០លានរៀល
ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវជា ស៊ីណា ឃួងស្រេង ចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារនៃសព អនុសេនីយ៍ឯក សួន រ៉ោន នូវបច្ច័យបុណ្យ ចំនួន១០លានរៀល ដែលបានពលីក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្ដមឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ រួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូត ដល់ថ្ងៃអវសានជីវិត។
យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព អនុសេនីយ៍ឯក សួន រ៉ោន សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕