ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី កំពុងជួយដល់កសិករកម្ពុជា ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម តាមរយៈការអភិវឌ្ឍពូជមាន់ស្គួយ

54

 

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៣ នេះបានផ្សព្វផ្សាយព័ត៌មាននៅលើផេកផ្លូវការថា អូស្ត្រាលីកំពុងជួយដល់កសិករកម្ពុជាក្នុងការលើកកម្ពស់ផលិតភាពកសិកម្មរបស់ពួកគេតាមរយៈការអភិវឌ្ឍពូជមាន់ស្គួយ។ពូជមាន់ស្គួយដែលគេស្គាល់ថាជា «មាន់ស្រែ» ទទួលបានការពេញនិយមដោយសារសាច់របស់វាមានរសជាតិឆ្ងាញ់ និងមានសមត្ថភាពក្នុងការផលិតស៊ុតបានល្អ។

មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) កំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេបង្អស់សម្រាប់មាន់នៅក្នុងប្រទេសកម្ពុជា លើគម្រោងកែលម្អពូជមាន់។

គម្រោងនេះដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយដែលមានផលិតភាពខ្ពស់ ហើយកូនមាន់របស់វាអាចលក់បានក្នុងតម្លៃខ្ពស់។ កម្មវិធីនេះកំពុងផ្តល់កសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។

យើងសង្ឃឹមថាពូជមាន់ស្គួយ ដែលកំពុងអភិវឌ្ឍនេះនឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង