ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល

47

ភ្នំពេញ៖​ សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងទទួលបានកំណើនរីកលូតលាស់យ៉ាងឆាប់រហ័ស  ដោយប្រទេសដែលជាសមាជិករបស់ខ្លួន បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយដើម្បីបង្កើនផលិតភាព និងបម្រើឱ្យរដ្ឋាភិបាល និងប្រជាជនរបស់ពួកគេឲ្យបានកាន់ តែប្រសើរឡើង។ ជាផ្នែកមួយនៃនិន្នាការនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា (MEF) បានសហការជាមួយ Cisco ដើម្បីអនុវត្តដំណោះស្រាយកម្រិតខ្ពស់ គាំទ្រដល់ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ ក្នុងការលើកកម្ពស់ផលិតភាពការងារ បង្កើនតម្លាភាព និងកាត់បន្ថយការចំណាយថវិការដ្ឋ។

មាគ៌ាអភិវឌ្ឍន៍ និងបញ្ហាប្រឈម៖​ អនុលោមទៅតាមកំណែទម្រង់ផែនទីបង្ហាញផ្លូវរបស់ខ្លួនដើម្បីពន្លឿនដល់ការអភិវឌ្ឍ រាជរដ្ឋាភិបាលកម្ពុជា  បានលះបង់ធនធានសំខាន់ៗក្នុងការលើកកម្ពស់វិស័យរដ្ឋបាលសាធារណៈ ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់ក្រសួង និងស្ថាប័នរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។ នៅឆ្នាំ 2000 ប្រទេសកម្ពុជា បានផ្តួចផ្តើមបង្កើតមូលដ្ឋានគ្រឹះសម្រាប់រដ្ឋាភិបាលអេឡិចត្រូនិកដោយបង្កើត អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (NiDA)។

ចាប់តាំងពីការចាប់ផ្តើមរបស់ NiDA ស្ថាប័ននានារបស់រដ្ឋាភិបាលក្នុងមូលដ្ឋាន បានពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាចលករដ៏សំខាន់ក្នុងការជំរុញកំណើន លើកកម្ពស់អភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈឲ្យបានកាន់តែប្រសើរ។

ក្នុងនាមជាសសរស្តម្ភដ៏សំខាន់នៃប្រព័ន្ធរដ្ឋាភិបាលសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​អនុវត្តរួមចំណែក និងផ្តល់យោបល់លើការកសាងគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកម្ពុជា។ គោលនយោបាយមួយចំនួនរួមមាន៖ ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុជាតិ ការព្យាករណ៍ និងបទប្បញ្ញត្តិនៃថវិការដ្ឋ ការចែកចាយ និងការបែងចែកចំណូលជាតិសរុប ការធ្វើអធិការកិច្ចហិរញ្ញវត្ថុសាធារណៈ និងការត្រួតពិនិត្យគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

ការពន្លឿនសេវាកម្មសាធារណៈ បង្កើនផលិតភាពការងារ និងកាត់បន្ថយការចំណាយ៖​ ក្នុងការរៀបចំសម្រាប់ការធ្វើបរិវត្តកម្មឌីជីថលរបស់ខ្លួន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងបង្កើត និងធ្វើវិសិដ្ឋកម្ម (ការជំនួស ដោយសមាសភាគថ្មីបំផុត) ឱ្យបានកាន់តែប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងពន្ធ និងហិរញ្ញវត្ថុសាធារណៈតាមអេឡិចត្រូនិក រួមទាំងកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់តាមអេឡិចត្រូនិក ប្រព័ន្ធគ្រប់គ្រងពន្ធតាមអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទដៃ។

កម្មវិធី និងប្រព័ន្ធផ្សេងៗជាច្រើនដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគម្រោងបរិវត្តកម្មឌីជីថលនេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអាជីវកម្ម អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងពន្ធតាមប្រព័ន្ធអ៊ីនធឺណិត ដោយសន្សំពេលវេលា និងការចំណាយ មានន័យថាមិនចាំបាច់ចំណាយលើការធ្វើដំណើរ និងការបោះពុម្ពឯកសារផ្សេងៗនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ បរិវត្តកម្ម គឺជាដំណើរការបន្តមួយដែលត្រូវអនុវត្តក្នុងដំណាក់កាលជាច្រើនដោយសហការជាមួយអ្នកផ្តល់សេវាបច្ចេកវិទ្យាដែលបានជ្រើសរើសរួច ដើម្បីទទួលបានអត្ថប្រយោ ជន៍ ជាអតិបរមាសម្រាប់រដ្ឋាភិបាល ប្រជាពលរដ្ឋ និងអាជីវកម្មរបស់ប្រទេស។

នាពេលអនាគតដ៏ឆាប់រហ័សខាងមុខ អាទិភាពចម្បងរបស់ MEF គឺការបង្កើតមជ្ឈមណ្ឌលធនធានមួយដែលជាការតភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកប្រកបដោយសុវត្ថិភាព និងមានល្បឿនលឿន (high-speed access and secure two-way connections) ទៅកាន់ភាគីពាក់ព័ន្ធខាងក្រៅ ហើយក្នុងពេលជាមួយគ្នានេះ ក៏បង្កើតប្រព័ន្ធទំនាក់ទំនងរួមសម្រាប់បុគ្គលិកទាំងអស់របស់ខ្លួនផងដែរ។

ដើម្បីសម្រេចបាននូវគោលបំណងទាំងអស់នេះ MEF ជ្រើសរើស Cisco ជាអ្នកផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យារបស់ខ្លួនក្នុងការធ្វើបរិវត្តកម្មឌីជីថល។ សេចក្តីសម្រេចនេះគឺផ្អែកលើទំនុកចិត្តរបស់ MEF លើកំណត់ត្រានៃដំណោះស្រាយជាច្រើនរបស់ Cisco ក៏ដូចជាការគោរពសន្យាពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរបស់ភាគីនានា។

ដំណោះស្រាយ ចំពោះបញ្ហាដ៏ស្មុគស្មាញដោយ មានការគាំទ្រ ពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចម្រុះ Cisco HyperFlex Systems hyperconverged infrastructure

បរិវត្តកម្មដ៏សំខាន់ដែលនាំមកជូនដោយ Cisco HyperFlex Systems ក្នុងការផ្តល់សេវាសាធារណៈរបស់ MEF បានបង្កើតខ្សែសង្វាក់សេវាកម្មដែលមានភាពកាន់តែប្រសើរឡើង។ ដំណោះស្រាយបច្ចេកវិទ្យាបែបប្រពៃណី និងហេដ្ឋារចនាសម្ព័ន្ធមានកម្រិតដែល MEF ប្រើកាលពីមុនបានបរាជ័យក្នុងការបំពេញតម្រូវការកើនឡើងយ៉ាងឆាប់រហ័សសម្រាប់សេវាហិរញ្ញវត្ថុសាធារណៈ របស់សាធារណជន និងស្ថាប័នផ្សេងទៀត។ ដោយមានការគាំទ្រពីប្រព័ន្ធ  HyperFlex ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានភាពប្រសើរឡើងទាំងផ្នែកប្រតិបត្តិការ ទាំងផ្នែកគុណភាពសេវាកម្ម។

ជាពិសេសក្រសួងស្ថាប័ន និងទីភ្នាក់ងារផ្សេងទៀតនៅទូទាំងប្រទេស ឥឡូវនេះ អាចទទួលបានសេវាអនឡាញភ្លាមៗ និងមានសុវត្ថិភាពខ្ពស់តាមរយៈប្រព័ន្ធ ប ច្ចេកវិទ្យា ព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលអនុញ្ញាតឱ្យគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា។ បច្ចុប្បន្ននេះ MEF គ្រប់គ្រងការផ្តល់សេវាកម្មដល់ស្ថាប័ន និងសាជីវកម្មជាង 2700 និងអង្គភាពផ្សេងទៀតជាង 1500 ដោយប្រើហេដ្ឋារចនាសម្ព័ន្ធ HyperFlex ។

លទ្ធផលនៃការធ្វើឲ្យប្រសើរឡើងនេះ បានបង្ហាញថា ពេលវេលាដែលត្រូវការសម្រាប់ការបង្កើត និងប្រតិបត្តិការបណ្តាញថ្មី ត្រូវបានកាត់បន្ថយពីច្រើនថ្ងៃមកត្រឹមតែ ពីរ-បីម៉ោងប៉ុណ្ណោះ ។ ឧបករណ៍គ្រប់គ្រងត្រូវបានដាក់នៅចំណុចកណ្តាលរួមមួយដើម្បីប្រសិទ្ធភាពកាន់តែប្រសើរ ដែលអនុញ្ញាតឱ្យក្រុមជំនាញ  IT  អាចគ្រប់គ្រង បែងចែក និងដោះស្រាយបញ្ហាទាន់ពេល វេលា។ ដំណោះស្រាយ HyperFlex ក៏អនុញ្ញាតឱ្យ MEF អាចសន្សំសំចៃលើការផ្ទុក និងការរុករកទិន្នន័យ (Data Warehousing and Mining) បានរហូតដល់ទៅបីដងឯណោះ។

អ្នកតំណាងនៃក្រុម IT របស់ MEF បានលើកឡើងថា «នាពេលអនាគត យើងប្រហែលជាមិនត្រូវការកន្លែងធំដើម្បីពង្រីកមជ្ឈមណ្ឌលផ្ទុកទិន្នន័យនោះទេ។ លើសពីនេះទៅទៀត ជាមួយនឹង HyperFlex មជ្ឈមណ្ឌលទិន្នន័យរបស់យើង ឥឡូវនេះបានកាត់បន្ថយកម្រិតសំលេងរំខាន ហើយយើងបានកាត់បន្ថយការចំណាយថាមពលច្រើនរហូតដល់ 50%។ ជាមួយនឹងបច្ចេកវិទ្យាបង្រួម និងចម្លងថ្មី (Compression and Copying) យើងអាចវិនិយោគបន្ថែមទៀតលើការផ្ទុកទិន្នន័យ និងដំណើរការប្រកបដោយសុវត្ថិភាពខ្ពស់ ហើយជាមួយគ្នានេះដែរ ល្បឿនស្វែងរកគឺលឿនជាង 1.5 ដង ឯណោះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីឲ្យការធ្វើប្រតិបត្តិការកាន់តែមានភាពងាយស្រួល និងសាមញ្ញ Cisco Application Centric Infrastructure (ACI) គឺជាដំណោះស្រាយមួយដើម្បីគ្រប់គ្រងប្រព័ន្ធបណ្តាញដោយបណ្តាញកំណត់ដោយកម្មវិធី (SDN) ដែលជួយដល់ការគ្រប់គ្រងប្រព័ន្ធបណ្តាញរួម (complex network systems) ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម។ បន្ទាប់ពីបានអនុវត្តដំណោះស្រាយ ACI រួចមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពប្រតិបត្តិការបានយ៉ាងល្អប្រសើរ។ ដូច្នេះ សុវត្ថិភាពត្រូវបានពង្រឹងនៅក្នុងទីតាំងផ្ទាល់ក៏ដូចជានៅក្នុងពពក  (Cloud) និងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។

សេវាកម្ម Cisco Intersight បង្កើនប្រសិទ្ធភាព និងធ្វើឲ្យមានភាពស៊ីមេទ្រីគ្នារវាងគ្រប់កម្មវិធី និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់យ៉ាងឆ្លាតវៃក្នុងបរិយាកាស IT កូនកាត់ (hybrid IT environment)ដោយជួយដល់កម្មវិធីដែលមានស្រាប់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង និងបំពេញបាននូវតម្រូវការល្បឿនដំណើរការលឿននៃកម្មវិធីថ្មីៗជាច្រើន។ ផ្គត់ផ្គង់ដំណើរការដោយការវិភាគទិន្នន័យ និងការរៀនតាមម៉ាស៊ីន (data analytics and machine learning) Cisco Intersight ជួយប្រព័ន្ធ IT របស់ក្រសួងឲ្យសម្រេចបាននូវកម្រិតខ្ពស់នៃប្រព័ន្ធស្វ័យប្រវត្តិកម្មជាមួយនឹងប្រតិបត្តិការដ៏សាមញ្ញ ងាយស្រួល និងដំណើរការបានយ៉ាងល្អប្រសើរ។

តាមរយៈការវិភាគទិន្នន័យដែលប្រមូលបាន​ Cisco Intersight នឹងសិក្សាជាបន្តបន្ទាប់ពីសកម្មភាពប្រតិបត្តិការរបស់ MEF បញ្ចូលទិន្នន័យជាក់លាក់ដើម្បីឱ្យកាន់តែឆ្លាតវៃ ហើយបន្ទាប់មកណែនាំឧបករណ៍បច្ចេកទេសដែលសមស្របសម្រាប់ការសម្រេចចិត្តរបស់ MEF នៅពេលចាំបាច់។

សន្តិសុខ និងភាពជឿទុកចិត្ត គឺជាគន្លឹះ៖​ ដើម្បីជួយធានាសុវត្ថិភាព និងសន្តិសុខនៃអ៊ីម៉ែល MEF កំពុងប្រើប្រាស់ Cisco Secure Email Threat Defense។ អ៊ីម៉ែលដែលបានផ្ញើទាំងអស់ ត្រូវបានស្កេនរកមេរោគ និងត្រូវបានការពារអនុលោមទៅតាមបទប្បញ្ញត្តិសុវត្ថិភាពខាងក្នុង និងខាងក្រៅ។ ចំណែកអ៊ីម៉ែលផ្ញើចូលវិញ ត្រូវបានពិនិត្យយ៉ាងល្អិតល្អន់ដើម្បីកាត់បន្ថយសារឥតបានការ និងស្កេនរកអាសយដ្ឋាន IP ណាដែលគួរឱ្យសង្ស័យ ការប៉ុនប៉ងបន្លំ (phishing)មេរោគ (viruses) លេខកូតមិនល្អ (malicious codes) ឬការគំរាមកំហែងផ្សេងទៀត (threats) ។

តាមរយៈការអនុវត្តដំណោះស្រាយ Cisco ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថលរបស់ MEF លោក នឿ វិចិត្រា (Vichetra Neau) អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ទទួលបន្ទុកការិយា ល័យហេដ្ឋារចនាសម្ព័ន្ធ ICT មានប្រសាសន៍ថា «ប្រព័ន្ធដំណោះស្រាយរបស់ Cisco ផ្តល់នូវប្រសិទ្ធភាពខ្ពស់ ប្រតិបត្តិការប្រកប ដោយស្ថិរភាព បង្កើនតម្លាភាពនៃដំណើរការការងាររបស់ក្រសួង និងប្រសិទ្ធភាពនៃពេលវេលា ដែលអាចឱ្យ MEF ផ្តល់សេវាសាធារណៈទាន់ពេលវេលាដល់ប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀត»

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យនៃការបង្កើតរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងកសាងទំនុកចិត្តក្នុងចំណោមប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពខ្ពស់។ ការជ្រើសរើស Cisco ជាដៃគូផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យា គឺជាការវិនិយោគលើវិស័យបច្ចេកវិទ្យាដ៏ប្រសើររបស់ MEF ហើយវាបានក្លាយទៅជាគំរូដ៏អស្ចារ្យមួយសម្រាប់បណ្តាក្រសួង ស្ថាប័ន និងអង្គភាព  ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង