តុលាការ បើកការស៊ើបសួរលើ លោក ហ៊ួត គង់ អធិការរងខណ្ឌចំការមន ដែលបានវាយប្រជាពលរដ្ឋឲ្យសន្លប់ ពេលផ្ទុះជម្លោះតាមដងផ្លូវ
ភ្នំពេញ៖ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានបន្តនីតិវិធីចំណាត់ការបើកការស៊ើបសួរលើឈ្មោះ ហ៊ួត គង់ អធិការរងទទួលផែនបច្ចេកទេសកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលបានវាយទៅលើប្រជាពលរដ្ឋបណ្ដាលឲ្យសន្លប់ ទាំងដែលខ្លួនកំពុងស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ កាលពីយប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៤៨៤ កែង៩៩ ស្ថិតក្នុងខណ្ឌចំការមន។
លោក ហ៊ួត គង់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីធ្លាយវីដេអូបង្កហិង្សា។
សូមបញ្ញាលើថា ករណីនេះកើតឡើង កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយមានបុរសម្នាក់បើករថយន្ត PRIUS បុកខឿនផ្ទះប្រជាពលរដ្ឋខូចខាតបន្តិចបន្តួច ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ដែលគេស្គាល់ថា ជាអធិការរងនគរបាលខណ្ឌចំការមន (រហ័សនាម បាសាក់១៤) ស្ថិតក្នុងស្ថានភាពស្រវឹង បានមកឃាត់រថយន្តហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតកេីតជាហិង្សា និងបានវាយបុរសម្នាក់បណ្តាលឱ្យសន្លប់នៅចំណុចផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ពាក់ពន្ធ័ករណីនេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដាច់ណាត់ទៅអធិការខណ្ឌចំការមន ត្រូវតែអនុវត្តតាមច្បាប់ចំពោះមន្ដ្រីដែលបង្កហិង្សាលើប្រជាពលរដ្ឋនេះ។
ដោយឡែក សម្រាប់អ្នកបើកបររថយន្ដដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកខឿនផ្លូវសាធារណៈនោះ ក៏ត្រូវហៅមកធ្វើកិច្ចសន្យាអប់រំ និងផាកពិន័យតាមផ្លូវច្បាប់ដូចគ្នា៕

