ក្រុមត្រួតពិនិត្យអាជ្ញាធរមីន បានចុះទៅពិនិត្យទីតាំងរកឃើញគ្រាប់ ក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ
ខេត្តក្រចេះ ៖ ក្រុមត្រួតពិនិត្យអាជ្ញាធរមីន បានចុះទៅពិនិត្យទីតាំងរកឃើញគ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ដែលស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលបច្ចុប្បន្ន CMAC បាននឹងកំពុងស្រាវជ្រាវ និងប្រមូលយកគ្រាប់ទាំងនោះទៅកំទេចចោល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
ក្នុងការត្រួតពិនិត្យនេះ អាជ្ញាធរមីនបានស្នើអោយ CMAC ធ្វើការស្រាវជ្រាវបន្ថែមលើតំបន់ក្បែរៗនោះ និងបង្កើនការប្រុងប្រយ័ត្ន ពិសេសជួយជំរុញអោយប្រតិបត្តិការនេះបានបញ្ចប់ទៅឆាប់ៗ ដើម្បីអោយសិស្សានុសិស្សអាចបន្តការសិក្សាឡើងវិញ។
ដើម្បីបង្កើនសុវត្ថិភាព និងល្បឿនប្រតិបត្តិការ CMAC បានពង្រាយកម្លាំងបោសសម្អាតមីន/គ្រាប់ ក្រុមកម្ទេចគ្រាប់ ក្រុមសុនខ និងក្រុមគ្រឿងចក្រ។ គិតមកដល់បច្ចុប្បន្ន CMAC បានរកឃើញគ្រាប់ជាច្រើនប្រភេទសរុបប្រមាណ សរុបជាង ២.១០០គ្រាប់ និងបានយកទៅកម្ទេចចោលប្រកបដោយសុវត្ថិភាព។