ជនជាតិថៃ២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទ ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត
បន្ទាយមានជ័យ ÷ កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងប៉ោយប៉ែត ដឹកនាំលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០២នាក់ ករណីលួចមានសា្ថនទម្ងន់ទោស(ឆក់ទូរសព្ទ) ប្រព្រឹត្តកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចហាងទូរសព្ទ លីគ័ង ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមពាក្យបណ្តឹងឈ្មោះ ធូ លំអង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ សានិត ឃៀនបូផា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ KITIPONG SRIBUANAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលវេលាកើតហេតុ មានជនជាតិថៃចំនួន០២នាក់ បានមករកទិញទូរសព្ទដៃម៉ាក Iphone 14pomax ពណ៍ស្វាយ ចំនួន០១គ្រឿង ពីហាងរបស់ជនរងគ្រោះ ដោយម្នាក់ចូលមកទិញ និងម្នាក់ទៀតអង្គុយចាំនៅលើម៉ូតូ ពេលនោះជនរងគ្រោះបានឱ្យទូរសព្ទ ទៅជនសង្ស័យនោះមើល ស្រាប់តែជនសង្ស័យ បានរត់ឡើងលើម៉ូតូដើម្បីគេចខ្លួន តែសំណាងអាក្រក់ស្រាប់តែដួលម៉ូតូ ហើយក៏ត្រូវបានប្រជាពលរដ្ឋ ចាប់បានទាំង២នាក់ហើយប្រគល់ឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។
ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរសព្ទពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្នជន សង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី។ ចំណែកទូរសព្ទ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានប្រគល់ជូនជនរងគ្រោះវិញហើយ៕