ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោបញ្ជាក់ថា ក្នុងចំណោមកូនបង្កើតទាំងអស់ ហ៊ុន ម៉ាណែតមានចំណេះដឹងខ្ពស់ជាងគេ ការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋច្រើនជាងគេ

52

ភ្នំពេញ ៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាសមាជិករដ្ឋសភា បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីខ្ញុំចាកចេញពីអំណាចនីតិប្រតិបត្តិក៏ដោយ តែខ្ញុំនៅតែធ្វើនយោបាយដដែល នៅកៀកជាមួយប្រជាពលរដ្ឋ ហើយនៅខែមីនា ឆ្នាំ ២០២៤ ខ្ញុំនឹងធ្វើជាប្រធានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារអាត្រាកើនឡើងចំនួននៃការបោះឆ្នោត ជាង ៨០% ល្ងាចថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាថ្ងៃដែលខ្ញុំសម្រេចចិត្តច្បាស់លាស់ ហើយសមល្មមដល់ពេលវេលាដែលខ្ញុំត្រូវចាកចេញ និងផ្ទេរឱ្យអ្នកបន្តវេន គឺ ឯកឧត្តម ហ៊ុន ម៉ាណែត។

ឆ្លើយតប នឹងសំនួរអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បានលើកពីចំនុចសំខាន់ចំនួន ២ ដែលសម្តេចចង់ឃើញអ្នកបន្តវេនជំនាន់ក្រោយធ្វើ
ទី១ : ខ្ញុំចង់ឃើញអ្នកបន្តវេនជំនាន់ក្រោយ បន្តរក្សាសន្តិភាព ស្ថិរភាព ខាងនយោបាយឱ្យបានតទៅទៀត។
ទី២: ខ្ញុំចង់ឃើញការសម្រេចឱ្យបាន កាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នឹងឈានទៅជាប្រទេសប្រាក់ចំណូលខ្ពស់។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបសំនួរអ្នកសារព័ត៌មានដែលសួរថា តើហេតុអ្វីសម្តេច ជ្រើសរើស ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនជានាយករដ្ឋមន្ត្រី ព្រោះកូនបង្កើតទាំងអស់សុទ្ធសឹងតែមានចំណេះដឹងខ្ពស់?

សម្តេចតេជោបញ្ជាក់ថា ក្នុងចំណោមកូនបង្កើតទាំងអស់ ហ៊ុន ម៉ាណែតមានចំណេះដឹងខ្ពស់ជាងគេ ការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋច្រើនជាងគេ មានលទ្ធភាពខ្ពស់ជាងគេ។

សម្តេចតេជោ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាបានធ្វើដើម្បីបន្តនិរន្តរភាព សន្តិភាព និងការអភិវឌ្ឍជាតិរបស់កម្ពុជាយើង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានគាំទ្រ ដល់ដំណើរការនេះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយជាង៤០ឆ្នាំរបស់សម្តេច និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេល៣៨ឆ្នាំមកនេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ អ្នកដែលកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេ គឺសម្តេចតែម្តង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតមែនតែសម្តេចបានឆ្លងកាត់ការងារច្រើនកន្លងមក ប៉ុន្តែផ្អែកលើកត្តាសុខភាព សម្តេចនៅតែមានលទ្ធភាព ធ្វើជានាយករដ្ឋមន្ត្រី

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខែមីនា ឆ្នាំ២០២៤ សម្តេចនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា បន្ទាប់ពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារួច

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការល្អហើយ ដែលយើងបានដកខ្លួនចេញពីស្ថាប័ននីតិប្រតិបត្តិ ក្នុងវ័យមួយ ហើយប្រគល់ជូនអ្នកបន្តវេនជំនាន់ក្រោយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលរិះគន់ថា សម្តេចទោះបីជាមិនធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែបន្តកាន់អំណាចនោះថា ជាការវិភាគ ឬលើកឡើងដោយភាពល្ងង់ខ្លៅ

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលការបោះឆ្នោតសកលរបស់កម្ពុជា បានដំណើរការទៅយ៉ាងល្អ ហើយឈានមកដល់ការបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ដែលនេះជាសមិទ្ធផលធំបំផុតរបស់ជាតិយើង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំរែកដែលដាក់ដោយអ្នកជំនាន់ចាស់ ពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេន ដែលពួកគេនឹងបន្តរែកពន់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកចាស់ក៏នៅតែស្ថិតនៅក្នុងស្ថានភាព ជាអ្នកដឹកនាំនៅក្នុងស្ថាប័ននីតិបញ្ញត្តិ និងគណបក្ស

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈរដ្ឋមន្ត្រីថ្មី នឹងមានភាពរហ័សរហួន ធ្វើសកម្មភាពទៅរកគោលដៅដែលយើងចង់ទៅ គឺនៅឆ្នាំ២០៣០ ធ្វើឱ្យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ គាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីរួមចំណែកឱ្យការងារជឿនលឿនទៅមុខ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ ខ្ញុំកំពុងក្លាយខ្លួនជាឪពុកនាយករដ្ឋមន្ត្រី

* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ២ចំណុចសំខាន់ ពីការដឹកនាំរបស់អ្នកបន្តវេនជំនាន់ក្រោយ ដោយទី១៖ បន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយបន្តទៀត និងទី២៖ គឺសម្រេចឱ្យបាននូវការចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់

* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្នុងជីវិតរបស់សម្តេចមានរឿងសម្បាយ និងរឿងខកចិត្តខ្លះ។ សម្តេចបានបង្ហើបដែរថា កូនរបស់ លោក សម រង្ស៉ី បានទាក់ទង និងជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

* សម្តេចតេជោ ហ៊ុន សែន បានលើកអំពីមូលហេតុដែលសម្តេចជ្រើសរើស លោក ហ៊ុន ម៉ាណែត ក្នុងចំណោមកូន៣នាក់ ហើយអះអាងថា កូនប្រុសទាំងពីរបស់សម្តេច លោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត នឹងមិនកាន់តំណែងណាដែលខ្ពស់ជាងបងរបស់គេនោះទេ។

* រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រកាន់យកការធានា៥ចំណុចជាអាទិភាព ដើម្បីធានាដល់ការអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងនៅតែបន្តកិច្ចការសង្គម ដែលសម្តេចធ្លាប់ធ្វើកន្លងមក។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យអ្នកដែលប្រើប្រាស់ឈ្មោះរបស់សម្តេច នៅលើ TikTok បញ្ឈប់ជាបន្ទាន់ កុំឱ្យសម្តេចប្រើប្រាស់វិធានការក្តៅ នៅពេលខាងមុខ

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រសួងមហាផ្ទៃស្រាវជ្រាវចំពោះជនដែលក្លែងបន្លំប្រើឈ្មោះសម្តេច នៅលើ Facebook និង TikTok

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងមិនលេងហ្វេសប៊ុកតទៅទៀតទេ ការដែល Admin យកផេកកន្លងទៅ ទៅប្រើប្រាស់ជារឿងរបស់ Admin

* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅកាន់ក្រុមហ៊ុន Facebook ថាតើមានដឹងរឿងដែលគេគំរាមសម្លាប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែរឬទេ?

* សម្តេចតេជោ ហ៊ុន សែន ស្រក់ទឹកភ្នែក នៅពេលនឹកដល់កំណើតរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវព្រាត់ប្រាស់ពីសម្តេចក្នុងពេលដែលរូបគាត់ នៅក្នុងពោះម្តាយ ពពោះ៧ខែ

* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា នៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភា នឹងត្រូវកំណត់មិនឱ្យមានអាយុលើសពី ៧៤ឆ្នាំ ខណៈដែលសម្តេចនឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា ត្រឹម១អាណត្តិប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា សម្តេចមានតំណមមួយ គឺបើគេមិនសួរយោបល់ សម្តេចនឹងមិនផ្តល់យោបល់ទេ៕

អត្ថបទដែលជាប់ទាក់ទង