សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី 22 ខែសីហាឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ”។
សម្តេចតេជោ សង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត។
សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃហើយ នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ដែលនេះនឹងនាំទៅរកការបិទបញ្ចប់ភាពជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតសកលកាលពីខែឧសភាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
សភាថៃបានកោះប្រជុំសាជាថ្មី ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ថៃ នៅរសៀលថ្ងៃអង្គារនេះ ចំពេលនៃការវិលត្រឡប់ចូលស្រុកថៃវិញ របស់លោក ថាក់ស៊ីន ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ និងក្រោយរស់នៅនិរទេសខ្លួនអស់ជាង ១៥ឆ្នាំ។ លទ្ធផលបោះឆ្នោតបង្ហាញថាសមាជិកព្រឹទ្ធសភា និងរដ្ឋសភាលើស ៣៧៥រូប បានបោះឆ្នោតគាំទ្រលោក Srettha។
ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីបាន លោក Srettha ត្រូវការសំឡេងគាំទ្រចំនួនយ៉ាងហោច ៣៧៥សំឡេង ដែលស្មើនឹងសំឡេងលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ សរុបបញ្ចូលគ្នា។ រដ្ឋសភាថៃមានអាសនៈសរុបចំនួន៥០០ ខណៈព្រឹទ្ធសភាមាន ២៤៩អាសនៈ។
លោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់ មកពីគណបក្សភឿថៃ ក្នុងការបោះឆ្នោតនៅសភាថៃ នៅថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា សភាថៃកោះប្រជុំ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ថៃ នៅរសៀលថ្ងៃអង្គារនេះ ចំពេលនៃការវិលត្រឡប់ចូលស្រុកថៃវិញរបស់លោក ថាក់ស៊ីន ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ និងក្រោយរស់នៅនិរទេសខ្លួនអស់ជាង ១៥ឆ្នាំ៕