ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប.) បានចេញសេចក្តីប្រកាសព័ត៌មានវគ្គបណ្តុះបណ្តាលស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣” ជូន លធ.ខប គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានបិទបញ្ចប់ វគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនដល់ប្រធាន អនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធ ត្រូវបានបិទបញ្ចប់ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។
នាឱកាសនោះ ឯកឧត្តម ទេព នីថា បានមានប្រសាសន៍ថា គ.ជ.ប ធ្វើការរៀបចំបញ្ជីបោះឆ្នោត ជារៀងរាល់ឆ្នាំ តាមការកំណត់នៃច្បាប់ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព តាមរយៈ៖
– ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬទើបគ្រប់អាយុ ១៨ ឆ្នាំ ឬដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ – ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងប ក្នុងបញ្ជីបោះឆ្នោត ឱ្យបានត្រឹមត្រូវ តាមឯកសារផ្លូវការដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត
– ការផ្លាស់ប្តូរទិន្នន័យឯកសារចុះឈ្មោះបោះឆ្នោតពីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែល អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ផ្អែកតាម
អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែលមានសុពលភាព
– ការផ្ទេរការិយាល័យបោះឆ្នោតក្នុងភូមិ ឬពីភូមិមួយទៅភូមិមួយក្នុងឃុំ សង្កាត់ ឬទៅឃុំ សង្កាត់ផ្សេង និង
– ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវនិងច្បាស់លាស់ សម្រាប់អ្នកដែលទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោតឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅ
ឃុំ សង្កាត់ផ្សេង។
ឯកឧត្តមបានជម្រាបជូនទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានអត្រាអ្នកបោះឆ្នោតខ្ពស់ គឺ ៨៤,៥៩ ភាគរយ និងក្រោយពេលដែលរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើត និងចូលកាន់តំណែងក្នុងពេលថ្មីៗកន្លងទៅនេះ ដែលជា អំណោយផលល្អ ធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ និង របៀបរៀបរយល្អ។
មុនប្រកាសបិទបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមអគ្គលេខាធិការ គជប បានណែនាំដល់ លធ.ខប ទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្ត្រី លធ.ខប ក្រុមចុះឈ្មោះ បោះឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងក្របខណ្ឌរាជធានី ខេត្តរបស់ខ្លួន ស្របតាមផែនការ ប្រតិទិន និងគោលការណ៍ណែនាំរបស់ គ.ជ.ប។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានស្នើសុំទៅ ភាគីពាក់ព័ន្ធទាំងអស់ សូមផ្តល់កិច្ចសហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ សម្រេចបានជោគជ័យ ដើម្បីរៀបចំបញ្ជីបោះឆ្នោតឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់បម្រើឱ្យការបោះឆ្នោតជាសកលតាមការកំណត់នៃច្បាប់៕