អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ឱ្យមានសេរីភាពវិញ ក្នុងសំណរឿងលួចប្រាក់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាង២០ម៉ឺនដុល្លារ
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ឱ្យមានសេរីភាពវិញ ដោយយោងលើការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញយ៉ាងយកចិត្តទុកដាក់។
នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានអំពាវនាវថ្នាក់ដឹកនាំ ជួយផ្ដល់យុត្តិធម៌ក្នុងសំណុំរឿងនេះ។ ទណ្ឌិត សំប៊ុន យ៉ានី ដែលរត់គេចខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដោយសារបានលួចប្រាក់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាង២០ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលរាជធានីចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងទណ្ឌិតនេះឱ្យរួចខ្លួនវិញ នៅថ្ងៃទី២៥ ខែសីហា ក្រោយចាប់ខ្លួនបាន១ថ្ងៃ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការ លើសំណុំរឿងអនុវត្តបង្ខំរូបកាយ ដែលមានមេធាវី តូច សុខា អត្តលេខ ១៣០៣ ជាមេធាវីតំណាងឲ្យ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាដើមបណ្តឹងរដ្ឋប្បវេណ ដើម្បីអនុវត្តសាលដីកាព្រហ្មទណ្ឌលេខ ៣៨០ “រ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់តុលាការកំពូល លើទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី កើតឆ្នាំ១៩៥៧ ជនជាតិខ្មែរ ។
ក្រោយពីបានពិនិត្យសំណុំរឿងខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលើទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី ដើម្បីបង្ខំដល់រូបកាយទារសំណងទៅ ដើមបណ្តឹងរដ្ឋប្បវេណី ដូចមានកំណត់ក្នុងសាលដីការបស់តុលាការកំពូលខាងលើ តាមសំណូមពរ របស់ដើមបណ្តឹង ។
រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបញ្ជូនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
ក្រោយពីបានធ្វើការសាកសួរទណ្ឌិត និងបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញដោយយកចិត្តទុកដាក់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យឃើញថា៖
១-ការសម្រេចផ្តន្ទាទោសដោយតុលាការគ្រប់ជាន់ថ្នាក់នៅក្នុងករណីនេះ ជាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារដោយការព្យួរទោស ដោយយោងតាមមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ។ ដូចនេះ ទណ្ឌិតនឹងមិនត្រូវអនុវត្តទោសរបស់ខ្លួននៅពន្ធនាគារឡើយ លើកលែងតែបំពានលក្ខខណ្ឌដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ សម្រាប់ការដកហូតការព្យួរទោស។
២-ទណ្ឌិតជាស្ត្រីមានជម្ងឺប្រចាំកាយ និងមានវ័យចាស់ជរាអាយុ ៦៦ (ហុកសិបប្រាំមួយ)ឆ្នាំ គិតត្រឹមថ្ងៃចាប់ខ្លួន ដោយយោងតាមមាត្រា ៥៣១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការបង្ខំដល់រូបកាយ មិនអាចធ្វើទៅលើស្ត្រីដែលមានអាយុចាប់ពី ៦៥(ហុកសិបប្រាំ)ឆ្នាំ ឡើងទៅ ។
ផ្អែកលើមូលដ្ឋានខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី ឲ្យមានសេរីភាពឡើងវិញ។
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានចេញផ្សាយថា ការដោះលែងអ្នកទោសដែលខំតាមចាប់ខ្លួនអស់ជាច្រើនឆ្នាំមកហើយនេះ បានធ្វើឱ្យបុគ្គលិក អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង ដ្បិតអីអ្នកស្រី សំប៊ុន យ៉ានី ដែលធ្វើការ ក្នុងតួនាទីជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ បានលួចយកប្រាក់អស់ជាង២០ម៉ឺនដុល្លារ ប៉ុន្តែបែរជាអាចរស់នៅក្រៅឃុំជាធម្មតា។
សូមជម្រាបថា ក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញអ្នកស្រី សំប៊ុនយ៉ានី ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំពីបទរំលោភលើសេចក្តីទុកចិត្ត ប៉ុន្តែទោសត្រូវបានព្យួរ ដោយមិនបានជាប់ឃុំសូម្បី១ថ្ងៃ និងត្រូវសងលុយដែលបានលួចវិញ។ ដោយមិនអាចទទួលយកបាននូវសាលក្រមសម្រេចនេះអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ហើយបទចោទនៅសាលាឧទ្ធរណ៍ត្រូវបានប្តូរទៅជាការរំលោភលើទំនុកចិត្តពិសេស។ នៅទីបំផុត សាលាឧទ្ធរណ៍បានកាត់ទោសអ្នកស្រី សំប៊ុន យ៉ានី ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងសងលុយជាង២០ម៉ឺនដុល្លារដែលបានលួចពីអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដោយគ្មានពាក្យថាព្យួរទោសឡើយ និងសងថ្លៃសេវាច្បាប់១ម៉ឺនដុល្លារ។
មេធាវីរបស់លោកស្រី សំប៊ុន យ៉ានី មិនយល់ស្របនឹងការផ្ដន្ទាទោសកូនក្តីលោកឲ្យជាប់ពន្ធនាគារពីរឆ្នាំដោយគ្មានការព្យួរទោសទេ ហើយបានប្ដឹងសារទុក្ខទៅតុលាការកំពូលដើម្បីជំទាស់ នឹងការផ្ដន្ទាទោសនេះ។ ក៏ប៉ុន្តែតុលាការកំពូលបានសម្រេចតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ទុកជាបានការដដែល។
បន្ទាប់ពីរងការផ្ដន្ទាទោសអ្នកស្រី សំប៊ុន យ៉ានី បានរត់គេចខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ លោកព្រះរាជអាជ្ញារង សឿ ឡង់ឌីបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ហើយនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនទណ្ឌិត សំប៊ុន យ៉ានី នៅផ្ទះលេខ១១១ ផ្លូវលេខ១ បុរីពិភពថ្មីចំការដូង១ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។ ដំណឹងនេះបានធ្វើឱ្យបុគ្គលិកមណ្ឌលព័ត៌មានស្ត្រីកម្ពុជាទាំងអស់សប្បាយចិត្តជាខ្លាំង ដោយមានអារម្មណ៍ថា នឹងទទួលបានពន្លឺយុត្តិធម៌ហើយ។
ប៉ុន្តែនៅថ្ងៃសុក្រ ទី២៥ ខែសីហា តុលាការរាជធានីភ្នំពេញ បានសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ឱ្យមានសេរីភាពវិញក្រោយការចាប់ខ្លួនបាន១ថ្ងៃ ខណៈដែលអ្នកស្រីសំប៊ុន យ៉ានី អះអាងថាខ្លួនមិនមានការខ្វាយខ្វល់ក្នុងការសងប្រាក់ដែលបានលួចទាំងនោះឡើយ។
ពាក់ព័ន្ធករណីនេះលោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិថ្មីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានឱ្យដឹងថា លោកស្រីមានអារម្មណ៍ថាខកចិត្ត និងភ្ញាក់ផ្អើល ដោយនឹកស្មានមិនដល់ថាទណ្ឌិតម្នាក់នេះត្រូវបានដោះលែង៕