លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអនុញ្ញាតឱ្យ ឯកអគ្គរាជទូតកម្ពុជា ចំនួន៧ ចូលជួបសម្តែងការគួរសម មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតនៅប្រទេសជាមិត្ត
ភ្នំពេញ ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចំនួន៧រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសជាមិត្តនានា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
ឯកអគ្គរាជទូតទាំង៧រូប ដែលត្រូវអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសជាមិត្តនានារួមមាន៖
១- ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្កាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្បាញ បូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស។
២- ឯកឧត្តម ឡាយ សំកុល ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក ស៊ុយអែត ន័រវែស និងសាធារណរដ្ឋហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៏។
៣- ឯកឧត្តម សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី តាហ្ស៊ីគីស្ថាន អាសៃបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងរដ្ឋអ៊ីស្រាអែល ដែលមាននិវសេនដ្ឋាននៅទីក្រុងអង់ការ៉ា។
៤- ឯកឧត្តម ទាន សំណាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាការតា។
៥- ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតឡាវ។
៦- ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអាល្លឺម៉ង់ សាធារណរដ្ឋប៉ូឡូញ សាធារណរដ្ឋឆែក សាធារណរដ្ឋក្រូអាត សាធារណរដ្ឋហុងគ្រី សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋស្លូវ៉ានី និងប្រទេសអ៊ុយក្រែន ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង។
៧- ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារដ្ឋស៊ែប៊ី ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែលក្រាត៕