ក្រុមបងធំជនជាតិវៀតណាម និងជនជាតិចិន បង្កហិង្សាទៅវិញទៅមក នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅយប់រំលងអធ្រាតថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០០និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់បានទទួលព័ត៌មានថា មានករណីហិង្សាមួយបានកើតឡើងរវាងជនជាតិវៀតណាម និងជនជាតិចិន ២ក្រុម (ក្នុងនោះ១ក្រុមមានគ្នា១នាក់ឯង និង១ក្រុមទៀតមានគ្នា១២នាក់) ស្ថិតនៅមុខអាគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយពីទទួលដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់ទីតាំងកើតហេតុខាងលើ និងដោយមានការសម្រសម្រួល នីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើស្រាវជ្រាវ ឆែកឆេរនៅក្នុងអាគារ កាស៊ីណូខាងលើ ឃាត់ខ្លួនបានមនុស្សចំនួន១៣នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមក) ។ អំឡុងពេលចុះឆែកឆេរ កម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន២នាក់បន្ថែមទៀតដែលកំពុងស្នាក់នៅក្នុងបន្ទប់លេខ 8515 នៃអាគារខាងលើ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (អាវុធខ្លីម៉ាក K54 ចំនួន១ដើម បង់១ គ្រាប់៤គ្រាប់ និងកាំបិតចំនួន៣ដើម) ។
បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង១៥នាក់ រួមទាងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕