បង្រ្កាបករណីចោរកម្ម កាច់កម៉ូតូ នៅក្រុងបាវិត
បាវិត ៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥ៈ៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា: មានជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិវៀតណាមកំពុងជិះម៉ូតូឈប់ចុះឈប់ឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ គួរអោយសង្ស័យ ។
ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ចេញល្បាតតាមរកមុខសញ្ញាខាងលើ លុះទៅដល់ចំណុចខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ប្រទះឃើញ មុខសញ្ញាដែលមានភិនភាគខាងលើ កំពុងជិះម៉ូតូភ្លាមនោះជន សង្ស័យបានបិទភ្លើងម៉ូតូហើយជិះគេចខ្លួន តែត្រូវសមត្ថកិច្ចយើង ដេញតាម និងឃាត់ខ្លួនបានជនសង្ស័យទាំងចំនួន០២នាក់នោះ គឺ:១-ឈ្មោះ ដង ហ្គ័ងបោវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធនទាន ឃុំដឹកធន ស្រុកហុងលេចខេត្តហាទិញ ប្រទេសវៀតណាម និង២-ឈ្មោះ ង្វៀង ហ្វាងវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិកឹងយួក ឃុំកឹងយួក ស្រុកកឹងយួក ខេត្តឡុងអាង ប្រទេសវៀតណាម ព្រមទាំងឆែកឆេរលើដងខ្លួនជនសង្ស័យឃើញមានសម្ភារ: សម្រាប់កាច់សោរកម៉ូតូដូចជា៖ ដែកឆាបសម្រាប់កាច់សោរកម៉ូតូ ចំនួន២ដើម សោរខ្សៀ ចំនួន២ដើម ទុល្វីស ចំនួន២ដើម ញញួរ ១ សោរ៦ ជ្រុង ចំនួន២ដើម និងសោរលេខ១០ មួយ និងនាំខ្លួន មកប៉ុស្តិ៍ សាកសួរ ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យឈ្មោះង្វៀង ហ្វាងវៀត បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូដែលខ្លួនលួចបាន នៅព្រៃនគរ ប្រទេសវៀតណាមកាលពីអំឡុងឆ្នាំ២០២២ ហើយបានដាក់សម្ភារ:សម្រាប់កាច់សោរកម៉ូតូ ខាងលើ (គោលបំណងពេលលេងល្បែងចាញ់លួចម៉ូតូនៅកម្ពុជា)ចូលមកប្រទេសកម្ពុជា។
លុះដល់ម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈពេល ខ្លួននិងឈ្មោះដង ហ្គ័ងបោវ កំពុងជិះម៉ូតូ ស្វែងរកលួចម៉ូតូ ស្រាប់តែសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្ន សមត្ថកិច្ចយើងបានសុំយោបល់ពីឯកឧត្តម ព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងបានកសាងឯកសារសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការតាមនិតិវិធីច្បាប់៕