ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្ដកែប ចំណាយថវិកាជាង៦ម៉ឺនដុល្លារសាងសង់ រូបសំណាកព្រះគណេសនៅក្បែរឆ្នេរកែប ដើម្បីទាក់ ទាញភ្ញៀវទេសចរណ៏ជាតិ អន្ដរជាតិ

229

 

ខេត្តកែប៖ រូបសំណាកព្រះគណេសដែលកសាងពីថ្មភក់ស្ថិតនៅក្បែរឆ្នេរកែប ត្រូវបានរៀបចំធ្វើពិធីប្រសិទ្ធី ពលិការ និងសម្ពោធជាផ្លូវការ សម្រាប់ទុកជាទីគោរពសក្ការៈបូជាថ្មីមួយទៀតសម្រាប់ខេត្តកែប ពិសេសសម្រាប់ ពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ អន្តរជាតិ គោរពបូជា និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន។ រូបសំណាកខាងលើត្រូវបានឧបត្ថម្ភកសាងទាំងស្រុងពី អ្នកឧកញ៉ា យូ សាន្ត និងលោកជំទាវ ហេង វឿន ម្ចាស់ផ្ទះសំណាក់ ផ្ទះឆ្នេរ ក្នុងរង្វង់ថវិការប្រមាណ៦ម៉ឺនដុល្លាអាមេរិក។
ពិធីប្រសិទ្ធី ពលិការ និងសម្ពោធជាផ្លូវការ នូវរូបសំណាកនេះធ្វើឡើង នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី ស ម៉ាលីដា អមដំណើរដោយ លោកស្រី តំណាងសាលាដំបូងខេត្ត ក្រុមប្រឹក្សា ខេត្ត លោក លោកស្រី អភិបាល រងខេត្ត កងកម្លំាង ទាំងបី ប្រធានមន្ទីរអង្គភាព ចំណុះអោយរដ្ឋបាលខេត្តកែប និងក្រុមយុវជន ប្រជាពលរដ្ឋប្រមាណ៣៨៧នាក់។

ថ្លែងក្នុងពិធីនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបាន លើកឡើងថា ព្រះគណេសជាបុត្រាទី២ ព្រះឥសូរ និងត្រូវជាប្អូនព្រះស្កន្ទ ។ ព្រះអង្គជាទេពតំណាងឲ្យចំណេះដឹង និងបញ្ជៀសបានឧបសគ្គផ្សេងៗ។ តាមទំនៀមគេនិយមតម្កល់ព្រះអង្គពីមុខច្រកចូលផ្ទះ អាគារ ឫប្រាសាទដើម្បីគោរពបូជា ត្បិតព្រះអង្គជាទេពកំចាត់រាល់ឧបសគ្គនិងគ្រោះចង្រៃទាំងឡាយ ហើយការដាក់ដំកល់ រូបសំណាកព្រះអង្គ នៅទីតាំងនេះ ក្នុងបំណងបួងសួងសុំសេចក្តីសុខសប្បាយ ដល់អ្នកធ្វើដំណើរតាមផ្លូវនេះ ជាពិសេសភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តកែប។
លោកបណ្ឌិតបានបន្តថា៖ រូបសំណាក នេះបានកសាងឡើងដោយមានការ ចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងពី អ្នកឧញ៉ា យូ សាន្ត ការចូលរួមចំណែកបន្សល់ទុកនូវស្នាដៃពីវិស័យឯកជន ដែលមកប្រកបអាជីវកម្មនៅខេត្តកែប គឺជាការរួមគ្នា ក្នុងការអភិវឌ្ឍន៍ខេត្តទាំងមូលអោយកាន់តែរីកចម្រើន ទាំងលើហេដ្ឋារចនាសម្ព័ន្ធវិស័យផ្សេងៗទៀត។
អ្នកឧកញ៉ា យូ សាន្ត ម្ចាស់ផ្ទះសំណាក់ ផ្ទះឆ្នេរ នៅក្រុងកែបបានបញ្ជាក់ថា រូបសំណាកព្រះគណេសនេះ បានចំណាយទឹកប្រាក់ក្នុងការកសាងប្រមាណជាង៦ម៉ឺនដុល្លារ ដោយរូបសំណាកនេះធ្វើពីថ្មភក់ មានកម្ពស់ជិត២ម៉ែត្រ ក្នុងនោះមានការសាងសង់នូវបរិវេណសួនច្បារដ៏ប្រណិតផងដែរ។

អ្នកឧកញ៉ាបន្ថែមថា ការកសាងរូបសំណាកនៅទីនេះក្នុងបំណងចូលរួមជាមួយរដ្ឋបាលខេត្តកែប ក្នុងការលើកកម្ពស់ការកែលំអសោភណ្ឌភាពសាធារណៈនៅខេត្តកែប ជាពិសេសក្រុងកែប អោយមានភាពស្រស់ស្អាត សាកសមជាខេត្តទេសចរណ៍ ហើយក៏ជាការបន្សស់ទុកកេរ្តិ៍មរតកសម្រាប់ខេត្តកែបផងដែរ ក្នុងនាមលោកជាអ្នកប្រកបអាជីវកម្មនៅទីនេះ។ អ្នកឧកញ៉ារំលេចថា រូបសំណាកព្រះគណេសអង្គនេះ យ៉ាងហោច ក៏អាចនៅស្ថិតស្ថេរគង់វង្សមិនក្រោម១០០ឆ្នាំនោះទេ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង