ឃុំខ្លួនលោក លន់ បូរី នាយករងសាលា E-School Cambodi ពាក់ព័ន្ធករណី ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង
ភ្នំពេញ ៖ លោក លន់ បូរី នាយករងសាលា E-School Cambodia ហើយត្រូវបានគេស្គាល់ថា ជាអ្នកពូកែទ្រឹះស្ដីម្នាក់នៅតាមបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។
លោក លន់ បូរី ត្រូវបានចាប់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ លន់ បូរី ទៅមណ្ឌលអប់រំកែប្រែទី១ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។
យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ E-School Cambodia បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា នេះជារឿងផ្ទាល់ខ្លួនរបស់បុគ្គល លន់ បូរី គឺមិនជាប់ទាក់ទងនឹងសាលានោះទេ។
បុរសមានពិរុទ្ធភាព ឈ្មោះ លន់ បូរី អាយុ៤១ឆ្នាំ ស្នាក់នៅក្នុងទឹកដីខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មុនពេលកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់ឃាត់ខ្លួន ជននេះបានអះអាងថា ខ្លួនជាម្ចាស់ក្រុមហ៊ុន អ៊ី ស្គូល ខេមបូឌា និងជាគ្រូជោគជ័យទៀតផង នេះបើតាមការអះអាងរបស់ភាគីម្ចាស់បំណុល ឬភាគីដើមបណ្ដឹងសំណុំរឿងព្រហ្មទណ្ឌ។
បុរសឈ្មោះ លន់ បូរី ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់ឃាត់ខ្លួននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ខណៈពេលជននេះចាកចេញពីការិយាល័យរបស់ខ្លួន នាវេលាម៉ោងជាង ១១ថ្ងៃត្រង់ នៅជិតផ្សារទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីរួចមក ជននេះត្រូវបានតុលាការសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃ.ស ម១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្រោមពិរុទ្ធភាព ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង គឺដាក់ប្លង់ដីទ្រព្យធានាមិនប្រក្រតីដែលមានតម្លៃទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៦៦៨៣ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់ លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា ជនឈ្មោះ លន់ បូរី ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ : ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងខែមិថុនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ , មាត្រា ៣៧៨ , មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ៕