ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាអាមេរិក រកឃើញបំណែកយន្ដហោះចម្បាំង F-35 មួយថ្ងៃក្រោយការធ្លាក់

101

វ៉ាស៊ីនតោន៖ យោធាអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថានៅទីបំផុតទៅ ខ្លួនបានរកឃើញហើយនូវបំណែកយន្ដហោះចម្បាំង F-35 មួយគ្រឿងដែលបានធ្លាក់ នៅក្នុងរដ្ឋ ​South Carolina មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានអំពាវនាវយ៉ាងកម្រឱ្យសាធារណជនជួយស្វែងករក​យន្តហោះ តម្លៃរាប់សិបលានដុល្លារមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា​ ឆ្នាំ២០២៣។

ពីឡុតអាមេរិកម្នាក់ ដែលបើកយន្តហោះចម្បាំង F-35B ខាងលើ កាលពីវេលារសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា បានចុចផ្តាច់កៅអីដើម្បីលោតចេញ ពីយន្តហោះ​នៅលើផ្ទៃអាកាស ដោយសុវត្ថិភាព។ នៅពេលនោះដែរ មូលដ្ឋានយោធាអាមេរិក Joint Base Charleston បានប្រកាសលើបណ្តាញ សង្គម X (twitter) យ៉ាងដូច្នេះថា «ប្រសិនបើលោកអ្នក មានព័ត៌មានណាមួយ ដែលអាចជួយដល់ក្រុមការងាររបស់យើង ក្នុងការស្វែងរកទីតាំង នៃយន្តហោះចម្បាំង F-35 ដែលជួបឧបទ្ទវហេតុ សូមទាក់ទងមកកាន់ពួកយើង»

មួយថ្ងៃក្រោយមក ពោលនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ទើបបំណែកមួយនៃយន្ដហោះត្រូវបានក្រុមអ្នកស្វែរករកឃើញ នៅក្នុងតំបន់ Williamsburg ក្រោមកិច្ចសហការជាមួយអាជ្ញាធរក្នុងតំបន់។ បំណែកនេះត្រូវបានរកឃើញនៅចម្ងាយផ្លូវប្រហែលត្រូវប្រើពេល ២ម៉ោង ទៅកាន់ ភាគឦសាននៃមូលដ្ឋានយោធាអាមេរិក Joint Base Charleston។

យន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) គឺមានតម្លៃ​ខ្ទង់៨០លានដុល្លារ ក្នុង១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង