ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ មានបំណងចង់ជួបជាមួយ មេដឹកនាំកូរ៉េខាងជើង

68

(យូអិន)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកមានបំណងចង់ជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីសាកល្បងបង្កើតដំណោះស្រាយការទូតមួយ នៅចំពោះមុខភាពតានតឹងជុំវិញកម្មវិធីអាវុធរបស់ ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

លោក គីស៊ីដា ធ្វើការកត់សម្គាល់ខាងលើនៅ​ឯមហាសន្និបាតអង្គការសហប្រជាជាតិ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានប្រកាស ជាសាធារណៈពីបំណងរៀបចំជំនួបរវាងលោក គីស៊ីដា និងលោក គីម ជុងអ៊ុន។ ថ្លែងនាឱកាសនោះ លោក គីស៊ីដា បានកត់សម្គាល់ដែរថាជប៉ុនមាន ឆន្ទៈដោះស្រាយបញ្ហាទាំងឡាយជាមួយកូរ៉េខាងជើង ក្នុងនោះរួមមានទាំងការចាប់ពង្រង់ជនជាតិជប៉ុនដោយភ្នាក់ងារកូរ៉េខាងជើង។

«ផ្ដើមចេញពីទស្សនៈនៃការបើកសករាជថ្មីទាំងអស់គ្នា ខ្ញុំចង់បញ្ជាក់ពីការប្ដេជ្ញាចិតរបស់ខ្ញុំដើម្បីជួបលោកប្រធាន គីម ជុងអ៊ុន ក្នុងជំនួបទល់មុខ គ្រប់ពេលវេលា ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។ នេះជាការបន្ថែមរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ជូនីឈីរ៉ូ ក័យហ្សូមី (Junichiro Koizumi) បានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយទៅកាន់ទីក្រុង ព្យុងយ៉ាង អំឡុងនៅកាន់អំណាចក្នុងឆ្នាំ២០០២ ដើម្បីជួបអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល (ឪពុកលោក គីម ជុងអ៊ុន) ក្នុងគោលបំណងសាកល្បងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ ត្រឡប់ទៅរកភាពប្រក្រតី ជាមួយការសន្យាថាជប៉ុននឹងផ្ដល់ជំនួយសេដ្ឋកិច្ច។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងនេះមិនបានទទួលជោគជ័យនោះទេ៕

អត្ថបទដែលជាប់ទាក់ទង