ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីកាណាដា បានបង្កឱ្យមានជម្លោះការទូតដ៏ធំ ជាមួយឥណ្ឌា នៅពេលដែលលោកបាន និយាយថា ភ្នាក់ងារឥណ្ឌា អាចមានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh

75

វ៉ាស៊ីនតោន៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអះអាងថាមិនមានឡើយការទាស់ទែងគ្នារវាង សហរដ្ឋអាមេរិក និងកាណាដា ជុំវិញការចោទប្រកាន់របស់ទីក្រុងអូតាវ៉ាថាឥណ្ឌាអាចមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh ម្នាក់នៅលើទឹកដីកាណាដា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្កឱ្យមានជម្លោះការទូតដ៏ធំមិនធ្លាប់មានជាមួយឥណ្ឌា នៅពេលដែលលោកបាន និយាយថាភ្នាក់ងារឥណ្ឌាអាចមានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh លោក Hardeep Singh Nijjar និងជាពលរដ្ឋកាណាដា ក្នុងខេត្ត British Columbia កាលពីខែមិថុនាកន្លងទៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានឃើញនៅលើ សារព័ត៌មាននូវការព្យាយាមមួយចំនួន ដើម្បីបំបែកបំបាក់សហរដ្ឋអាមេរិក និងកាណាដា លើបញ្ហានេះ (ឃាតកម្មលើលោក Nijjar)… ខ្ញុំសូមបដិសេធទាំងស្រុងគំនិតដែលថាមានការទាស់ទែងគ្នារវាងសហរដ្ឋអាមេរិក និងកាណាដា ហើយយើងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងលើការចោទប្រកាន់នេះ»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Jake Sullivan ធ្វើឡើង បន្ទាប់ពីកាសែតអាមេរិក Washington Post បានចុះផ្សាយនៅក្នុង អត្ថបទមួយថាកាណាដាបានទទួលបរាជ័យក្នុងការស្នើសុំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសសហរដ្ឋអាមេរិក ដើម្បីថ្កោលទោសជាសាធារណៈចំពោះអំពើឃាតកម្មលើមេដឹកនាំផ្ដាច់ខ្លួន Sikh លោក Nijjar ដោយទម្លាក់ការទទួលខុសត្រូវលើឥណ្ឌា។ ប៉ុន្តែក្រោយមក អត្ថបទនេះស្រាប់តែត្រូវបានកែតម្រូវឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង