ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី ថារថក្រោះអាមេរិក Abrams សម្រាប់អ៊ុយក្រែន នឹងមិនអាចកែប្រែស្ថានការណ៍នៅសមរភូមិ បានឡើយ

82

(​មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយថាការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកនូវមីស៊ីលចម្ងាយឆ្ងាយ Army Tactical Missile System (ATACMS) និងរថក្រោះ Abrams នឹងមិនអាចកែប្រែស្ថានការណ៍នៅឯសមរភូមិបាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

នៅពេលត្រូវបានសាកសួរពីបញ្ហាខាងលើ នៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាកងកម្លាំងប្រដាប់អាវុធរុស្ស៉ី កំពុងសម្របខ្លួនបានយ៉ាងល្អប្រសើរដើម្បីប្រើប្រាស់អាវុធថ្មីៗ នៅក្នុងសង្គ្រាម ដែលទីក្រុងមូស្គូ ហៅថាជាប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «អាវុធទាំងអស់នេះមិនអាចបង្ក ផលប៉ះពាល់ដល់សារៈសំខាន់នៃប្រតិបត្តិការយោធាពិសេស និងលទ្ធផលរបស់វាបានឡើយ ហើយក៏គ្មាននោះដែរ អាវុធតែមួយប្រភេទអាចកែប្រែ តុល្យភាពអំណាចនៅសមរភូមិ»

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានឱ្យដឹងកាលពីថ្ងៃអង្គារដែរថាអ៊ុយក្រែនទទួលបានរថក្រោះប្រយុទ្ធ Abrams ដំបូងពីសហរដ្ឋអាមេរិក ហើយ តែមិនបានបញ្ជាក់ពីចំនួន ឬក៏ថាតើត្រូវចំណាយពេលប៉ុន្មាន ដើម្បីអាចប្រើរថក្រោះនេះនៅសមរភូមិនោះទេ។ ទីក្រុងកៀវ ក៏កំពុងទទូចសុំឱ្យអាមេរិក ផ្ដល់មីស៊ីលចម្ងាយឆ្ងាយ Army Tactical Missile System ផងដែរ ដោយមកទល់នឹងពេលនេះមិនទាន់មានប្រកាសផ្លូវការពីការសម្រេចចិត្ត ណាមួយនៅឡើយទេ ស្របពេលប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាសហរដ្ឋអាមេរិកមានបំណងបញ្ជូនមីស៊ីលនេះ ទៅឱ្យអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង