ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាកូរ៉េខាងជើង បានបញ្ចូលឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចអាវុធនុយក្លេអ៊ែរ ទៅក្នុងរដ្ឋធម្មនុញ្ញជាផ្លូវការ

99

សេអ៊ូល៖ សភាកូរ៉េខាងជើង បានបញ្ចូលឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចអាវុធនុយក្លេអ៊ែរ ទៅក្នុងរដ្ឋធម្មនុញ្ញជាផ្លូវការហើយ ខណៈលោក គីម ជុងអ៊ុន សន្យាថានឹងបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់នូវអី្វដែលលោកហៅថាជាការបង្ករឿងពីសហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

តាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បាននិយាយថាគោលនយោបាយកសាងកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានបញ្ចូលជាអចិន្រ្តៃយ៍ជាមូលដ្ឋានច្បាប់របស់រដ្ឋ ដែលគ្មាននរណាម្នាក់អាចល្មើស ឬបំពានបានឡើយ។ លោក គីម ធ្វើការកត់សម្គាល់បែបនេះនៅឯ កិច្ចប្រជុំនៃសភាប្រជាជនជាន់ខ្ពស់កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ។ លោក គីម ក៏បានបរិហារសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនផងដែរថាបាន បង្កើតសម្ព័ន្ធភាពយោធាត្រីភាគី ហើយជាលទ្ធផលចុងក្រោយអ្វីដែលបានលេចចេញជារូបរាង នោះគឺអង្គការ​ NATO ក្នុងតំបន់អាស៊ី។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដអាវុធ ជាពិសេសគឺមីស៊ីលជាច្រើនលើក ក្នុងឆ្នាំ២០២៣នេះ ស្របពេលទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតានតឹងខ្លាំង ចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរសាជាថ្មី និងជាលើកដំបូងបំផុតគិតចាប់តាំង ពីឆ្នាំ២០១៧មក។ កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ចំនួន ៦លើករួចមកហើយ រាប់តាំងពីឆ្នាំ២០០៦ ហើយកាលពីឆ្នាំ២០២២កន្លងទៅ សភាកូរ៉េខាងជើង បានអនុម័តនូវច្បាប់មួយប្រកាសទទួលស្គាល់ដោយខ្លួនឯងថាកូរ៉េខាងជើងជារដ្ឋមានអាវុធនុយក្លេអ៊ែរដែលលោក គីម និយាយថា ឋានៈនេះ នឹងមិនអាចមានអ្វីមកប្រកែកបានឡើយ។

មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះថែមបានអនុញ្ញាតទៀតផងឱ្យកូរ៉េខាងជើង បើកការវាយប្រហារបង្ការជាមួយដោយប្រើអាវុធនុយក្លេអ៊ែរ នៅក្នុងករណីចាំបាច់៕

 

អត្ថបទដែលជាប់ទាក់ទង