ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ មានទំហំទឹកប្រាក់ ៤ពាន់លានផោន ដើម្បីផ្ដល់ហិរញ្ញវត្ថុដល់គម្រោងអភិវឌ្ឍនាវាមុជទឹកប្រយុទ្ធជំនាន់ថ្មី SSN-AUKUS

100

ឡុងដ៍៖ ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានទំហំទឹកប្រាក់ ៤ពាន់លានផោន ឬស្មើនឹងជាង ៤.៨ពាន់លានដុល្លារ ដើម្បីផ្ដល់ហិរញ្ញវត្ថុដល់ដំណាក់កាលថ្មីមួយនៃគម្រោងអភិវឌ្ឍនាវាមុជទឹកប្រយុទ្ធជំនាន់ថ្មី SSN-AUKUS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងខាងលើ ដែលមានការចូលរួមពីក្រុមហ៊ុនអង់គ្លេសដូចជា BAE Systems, Rolls-Royce និង Babcock គឺជាផ្នែកមួយនៃសម្ព័ន្ធភាព យោធាត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស ដើម្បីទប់ទល់ជាមួយចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ថ្លែងនៅឯសន្និសីទប្រចាំឆ្នាំរបស់គណបក្សអភិរក្សនិយម (Conservative Party) ក្នុងទីក្រុង Manchester កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានគូសបញ្ជាក់ថា «នាវាមុជទឹក នឹងផ្ដល់អំណាចដល់កងទ័ពជើងទឹក Royal Navy ក្នុងការថែរក្សាការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់យើង នៅក្រោមបាតសមុទ្រ»

គួរបញ្ជាក់ថា មេដឹកនាំ AUKUS បានបញ្ចេញគម្រោងអភិវឌ្ឍនាវាមុជទឹករួមគ្នាកាលពីខែមីនា ឆ្នាំ២០២២ នៅក្នុងកិច្ចព្រមព្រៀងមួយដែលគេនឹងបាន ឃើញអូស្ត្រាលីនឹងងាកទៅប្រើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅពេលអនាគត នៅក្រោមផែនការទិញនាវាមុជទឹកពីសហរដ្ឋអាមេរិក មុននឹងចាប់ផ្ដើមឈានចូលដំណាក់កាលផលិតនាវាមុជទឹកស៊េរីថ្មីមួយដោយមានការគាំទ្រផ្នែកបច្ចេកវិទ្យាពីអាមេរិក និងអង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង