ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ ចាប់បើកយុទ្ធនាការផ្សព្វផ្សាយ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ

89

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃដំបូងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដែលបានចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយ អំពី«ទិវាជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ » ដើម្បីបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋ ក៏ដូចសិស្សនៅវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។

ក្រុមការងារផ្សព្វផ្សាយ អ.ប.ព. (ក្រុមទី ៦) បានចាប់ផ្តើមកម្មវិធីផ្សព្វផ្សាយដំបូងនៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ដែលមានសិស្សានុសិស្សចូលរួមសរុបជាង ១.០០០ នាក់ ។ យុទ្ធនាការផ្សព្វផ្សាយនេះ រួមមាន៖
1. ការថ្លែងសារដោយ លោក លី សុខជឺ ប្រធានក្រុមទី៦ នៃក្រុមផ្សព្វផ្សាយ អ.ប.ព. ក្នុងខ្លឹមសារឱ្យសិស្សបានស្គាល់ពី អ.ប.ព. និង «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ » ។
2. ការឆ្លើយសំណួរយករង្វាន់៖ សិស្សានុសិស្សបានស្ម័គ្រចិត្តចូលរួមយ៉ាងច្រើន ធ្វើឱ្យកម្មវិធីកាន់តែមានភាពរស់រវើក សប្បាយរីករាយជាមួយគ្នា ហើយបានឆ្លើយត្រូវសំណួរទាំងអស់ ដែលបញ្ជាក់ថា ពួកគាត់មានការចាប់អារម្មណ៍ និងយល់ដឹងច្រើនពីទិវានេះ
3. ជូនវត្ថុអនុស្សាវរីយ៍ដល់គណៈគ្រប់គ្រងសាលា និងប្រគល់សៀវភៅច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ (ACL) ជូននាយកសាលាដើម្បីទុកក្នុងបណ្ណាល័យ ។
4. ថតរូបអនុស្សាវរីយ៍
5. បិទ Poster នៅក្នុងបរិវេណ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក។

ក្រុមការងារផ្សព្វផ្សាយរបស់ អ.ប.ព. នឹងបន្តកម្មវិធីនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ និងខេត្ត ជាបន្តបន្ទាប់តាមកាលបរិច្ឆេទរបស់ខ្លួនរហូតដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ តែម្តង។
សូមបញ្ជាក់ថា ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ៩ ធ្នូ បានកកើតឡើងបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តជាឯកច្ឆន្ទលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ឬ UNCAC ឆ្នាំ ២០០៣ នៅពេលដែលប្រទេសសមាជិកចំនួន ១៩១ របស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសកម្ពុជាផងដែរ បានចូលរួមក្នុងការចុះហត្ថលេខាលើអនុសញ្ញា។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យក ថ្ងៃទី ៩ ធ្នូជារៀងរាល់ឆ្នាំ ជា «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១០ ក្នុងគោលបំណង៖
– ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ
– លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ
– បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ
– កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល
– អប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ៕

 

អត្ថបទដែលជាប់ទាក់ទង