ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាអ៉ីស្រាអែល ប្រកាសផែនការជម្លៀសប្រជាជនចេញពីទីក្រុងនៅភាគខាងជើង ក្រោយការប៉ះទង្គិចគ្នាជាមួយក្រុម Hezbollah របស់លីបង់

109

(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ យោធាអ៉ីស្រាអែលបានប្រកាសពីផែនការ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុង Kiryat Shmona ដែលស្ថិតនៅភាគខាងជើងប្រទេស ក្រោយមួយរយៈមកនេះ មានការប៉ះទង្គិចគ្នាបន្តបន្ទាប់ជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា (Hezbollah) នៅតាមបណ្តោយព្រំប្រទល់ជាប់នឹងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «បញ្ជាការដ្ឋានភូមិភាគខាងជើង បានជូនដំណឹងអំពីការសម្រេចចិត្ត​ជម្លៀសប្រជាជនដល់អភិបាលក្រុង Kiryat Shmona រួចរាល់ហើយ។ ផែនការនេះនឹងត្រូវចាត់ចែងដោយអាជ្ញាធរក្នុងតំបន់ រួមជាមួយ​ក្រសួងទេសចរណ៍និងក្រសួងការពារជាតិ»។ យោធាអ៉ីស្រាអែល ក៏បានបន្ថែមដែរថា កងកម្លាំងរបស់ខ្លួនបានបន្តការវាយប្រហារប្រឆាំងក្រុម Hezbollah ខណៈភាពតានតឹងបានកើនឡើង នៅបណ្តោយព្រំដែន។

មួយរយៈចុងក្រោយនេះ ក្រុម Hezbollah នៅលីបង់ ដែលគាំទ្រដោយអ៉ីរ៉ង់ បានបាញ់ផ្លោងឆ្លងព្រំដែនទៅវិញទៅមកជាមួយអ៉ីស្រាអែល បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានវាយប្រហារចូលសហគមន៍នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបើតាមការអះអាងរបស់អាជ្ញាធរអ៉ីស្រាអែល គឺបានបណ្តាលឱ្យមនុស្សយ៉ាងហោចជាង១,៤០០នាក់ស្លាប់ ភាគច្រើនជនស៉ីវិល។ រីឯ​យោងតាមតួលេខក្រសួងសុខាភិបាលតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាសវិញ ប្រជាជនប៉ាឡេស្ទីនជាង៣,៧០០នាក់ ភាគច្រើនជាជនស៉ីវិល គឺត្រូវបានសម្លាប់នៅទូទាំងដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លា តាមផ្លូវអាកាសរបស់​អ៉ីស្រាអែល គិតចាប់តាំងពីពេលនោះមក។

គួរបញ្ជាក់ថា ក្រៅពីជម្លៀសប្រជាជន អ៉ីស្រាអែលក៏បានបញ្ជូនកងទ័ពបម្រុង រួមទាំងកងរថក្រោះនិងរថពាស ទៅក្បែរព្រំប្រទល់ភាគខាងជើងផងដែរ។ ក្រុម Hezbollah ដ៏មានឥទ្ធិពលនៅក្នុងប្រទេសលីបង់ បានប្រយុទ្ធក្នុងសង្រ្គាមទ្រង់ទ្រាយធំលើកចុងក្រោយបង្អស់ ជាមួយ​អ៉ីស្រាអែលកាលពីឆ្នាំ២០០៦។ ការបង្ហូរឈាមគ្នានាពេលនោះ បានបង្កឱ្យមនុស្សជាង១,២០០នាក់ស្លាប់នៅខាងលីបង់ ភាគច្រើនជាជនស៉ីវិល និង១៦០នាក់ស្លាប់នៅខាងអ៉ីស្រាអែល ភាគច្រើនជាទាហាន៕

អត្ថបទដែលជាប់ទាក់ទង