ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ្សេលេនស្គី ប្រាប់ប្រជាជនអ៊ុយក្រែនត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារកាន់តែសាហាវរបស់រុស្ស៉ី ក្នុងរដូវរងា

105

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានដាស់តឿនឱ្យប្រជាជនអ៊ុយក្រែន ត្រៀមលក្ខណៈសម្រាប់រលកវាយប្រហារសាជាថ្មីរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធ ខណៈរដូវរងាកាន់តែខិតជិតចូលមក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ចេញសារព្រមានខាងលើក្នុងសុន្ទរកថាវីដេអូមួយ មួយថ្ងៃប​ន្ទាប់ពីរុស្ស៉ីដឹកនាំការវាយប្រហារដោយប្រើមីស៊ីលជាលើកដំបូងលើ រដ្ឋធានីកៀវ ក្នុងរយៈពេលជាង ៧សប្ដាហ៍មកនេះ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្ថិតនៅពាក់កណ្ដាលនៃខែវិច្ឆិកា និងត្រូវតែត្រៀមលក្ខណៈសម្រាប់ការពិតដែលសត្រូវអាចនឹងបង្កើនការវាយប្រហារដោយយន្ដហោះដ្រូន និងមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធរបស់ យើង»។ តាមលោក ហ្សេលេនស្គី កងទ័ពអ៊ុយក្រែនក៏បានព្យាករផងដែរពីការវាយប្រយុទ្ធគ្នាកាន់តែសាហាវក្នុងតំបន់ភាគខាងកើតនៃប្រទេស។

គួរបញ្ជាក់ថា កាលពីរដូវរងាឆ្នាំមុន រុស្ស៉ីបានវាយប្រហារយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយបណ្ដាលឱ្យតំបន់ និងទីក្រុង ជាច្រើននៅទូទាំងប្រទេសដាច់ចរន្តអគ្គិសនី ឬគ្មានថាមពលប្រើប្រាស់គ្រប់គ្រាន់។ ក្រុមមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃពុធសប្ដាហ៍មុនបានឱ្យដឹងថារុស្ស៉ី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោច ៦០លើក ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះដែលនេះជាសញ្ញាបង្ហាញថារុស្ស៉ី នឹងបង្កើន ការវាយប្រហារបែបនេះតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង