ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ធុរជន និងវិនិយោគិន

80

 

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ធុរជន និងវិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

នាព្រឹកថ្ងៃចន្ទទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។ វេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិការាជរដ្ឋាភិបាល តំណាងអង្គទូតប្រទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ តំណាងដៃគូអភិវឌ្ឍន៍និងតំណាងអង្គការអន្តរជាតិ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីតំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលមានចំនួនប្រមាណ ១,២០០នាក់។ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតវែងឆ្ងាយរបស់ សម្តេចអគ្គមហាសនាបតីតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតចាប់តាំងចាប់បដិសន្ធិឡើងកាលពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩មក វេទិការាជរដ្ឋាភិបាលផ្នែកឯកជននេះ បន្តមានអត្ថិភាពចំនួន ២៤ ឆ្នាំ និងត្រូវបាន ចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយដែលរាល់សេចក្តីសម្រេចនានានៃវេទិកាមានអានុភាព
ជាសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ដោយឡែកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩នេះ គឺជាវេទិកាលើកដំបូងបន្ទាប់ពី ប្រទេសកម្ពុជាបានចាកផុតពីការរាតត្បាតដោយសារជំងឺកូវីដ-១៩ និងបន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើតនិងក្រោមមគ្គុទេសដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រី ។
ការសម្រេចរៀបចំវេទិកាឡើងវិញនេះ សមស្របទៅនឹងបរិការណ៍ដែលកម្ពុជាកំពុងបន្តលើកកម្ពស់ និងជំរុញការកែលម្អបរិយាកាសធុរកិច្ច ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន ដើម្បីចូលរួមកសាងភាពធន់ន ខឿនសេដ្ឋកិច្ចជាតិ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា បន្ទាប់ពីកម្ពុជាបានយកឈ្នះទាំងស្រុងលើ សមរភូមិប្រយុទ្ធនឹងជំងឺកូវី ១៩ ព្រមទាំងបានស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយសុវត្ថិភាពនិងភាពរឹងមាំ។

ខ្លឹមសារស្នូលនៃវេទិកា គឺការពិនិត្យរួមគ្នារវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន ទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក តាមរយៈវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៨ និងជាបន្តបន្ទាប់សំដៅចូលរួមជុំរញការអភិវឌ្ឍវិស័យឯកជន តាមរយៈការបង្កើនកិច្ចសន្ទនា សហការរវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជនដោយមានការតាមដានវឌ្ឍនភាពនៃសកម្មភាព អភិវឌ្ឍន៍ផ្នែកឯកជន, ធុរកិច្ច និងការវិនិយោគ
ពង្រឹងភាពប្រកួតប្រជែងរបស់ព្រះរាជាណាចក្រកម្ពុជា ចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និង
ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ តាមរយៈការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាជាកង្វល់របស់ធុរជននិងការវិនិយោគ ដែលបាននិងកំពុងបណ្ដាក់ទុននៅកម្ពុជា។ ជាកិច្ចចាប់ផ្តើមនៃវេទិកា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ( ក. អ, ក.) និងក្នុងនាមជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន បានរាយការណ៍អំពីការរៀបចំយន្តការ, ការសម្របសម្រួល និងអំពីវឌ្ឍនភាព ទូទៅនៃក្រុមការងារទាំង១៤ ជូនអង្គវេទិកា ដោយសមាសភាពក្រុមការងារទាំង ១៤ នេះ មាន (១).ក្រុមការងារ កសិកម្មនិងកសិឧស្សាហកម្ម “ក”, (២). ក្រុមការងារទេសចរណ៍ “ខ”, (៣).ក្រុមការងារកម្មន្តសាស និងសហគ្រាស ធុនតូចនិងមធ្យម និងសេវា “គ”, (G).ក្រុមការងារនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច “ឃ”, (៥). ក្រុមការងារ សេវាធនាគារ និងហិរញ្ញវត្ថុ “ង”, (៦).ក្រុមការងារដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ “ច”, (៧).ក្រុមការងារ ផលិតកម្មកែច្នៃសម្រាប់ការនាំចេញនិងកិច្ចសម្រួលពាណិជ្ជកម្ម “ឆ”, (៨.ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ “ជ”, (៩).ក្រុមការងារស្រូវ អង្ករ “ឈ”, (១០). ក្រុមការងារថាមពល និងធនធាន “ញ” (១១).ក្រុមការងារអប់រំ “ដ”, (១២).ក្រុមការងារសុខាភិបាល“ឋ, (១៣).ក្រុមការងារសំណង់ និងអចលនទ្រព្យ “” និង (១៨). ក្រុមការងារ ផ្នែកសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ “ព” ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានយកឱកាសនេះសម្ដែងនូវ កត្តញ្ញូតាធម៌និងអំណរគុណដ៍ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចតេជោអតីតនាយករដ្ឋមន្តី ដែលជាស្ថាបនិកនៃយន្តការនេះ និងជាអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើមក្នុងការដឹកនាំវេទិកាកន្លងៗមក ព្រមទាំងបាន ផ្តល់នូវចក្ខុវិស័យជាយុទ្ធសាស្ត្រ វិធានការ និងការសម្រេចដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត សំដៅលើកកម្ពស់ បរិស្ថានធុរកិច្ចនិងវិនិយោគ និងពង្រឹងតួនាទីរបស់វិស័យឯកជន ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើតការងារ និងពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ក៏បានសម្តែងនូវអំណរគុណដ៍ ជ្រាលជ្រៅនិងស្ងើចសរសើរដល់ស្នាដៃដ៍ប៉ិនប្រសប់របស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានដើរតួនាទីជាអ្នកសម្របសម្រួលវេទិកានេះកន្លងមក ព្រមទាំង ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាអតីតអគ្គលេខាធិការវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ដែលបានជួយសម្របសម្រួលនិងគាំទ្រ គ្រប់បែបយ៉ាងក្នុងដំណើរការនៃវេទិកានេះ តាំងពីដើមរៀងមករហូតដល់វេទិកា លើកទី១៨។
ដោយឡែកតំណាងផ្នែកឯកជន ដែលមាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា លូ ម៉េង តំណាងក្រុមការងារផ្នែកទេសចរណ៍ “ក្រុម ខ”, ឧកញ៉ា សូ ងួន តំណាងក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ“ក្រុម ច” និងឧកញ៉ាបណ្ឌិតណាង សុធី តំណាងក្រុមការងារផ្នែកទំនាក់ទំនង វិជ្ជាជីវៈ“ក្រុម ជ” ក៍បានរាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាទាំងឡាយរបស់ក្រុមការងារតាមវិស័យក្នុង ផ្នែកឯកជន និងព្រមទាំងបានធ្វើនូវបទអន្តរាគមន៍ស្តីពីបញ្ហាប្រឈមរបស់វិស័យឯកជនផងដែរ។ ជាមួយគ្នានេះ តំណាងផ្នែកឯកជន បានអបអរសាទររាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលដ៏ធំធេងនានាដែលកម្ពុជាសម្រេចបានកន្លងមក ដោយបានអះអាងថាស្ថានភាពរបស់កម្ពុជានៅ ពេលនេះ គឺខុសគ្នាឆ្ងាយខ្លាំងណាស់ ដោយកម្ពុជាគឺជាប្រទេសដែលបានរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្នុងអំឡុងពេលពីរទសវត្សចុងក្រោយ និងបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើន ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ឈានមុខគេនៅក្នុងពិភពលោក។
ចំពោះរំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែត្រូវបានថមថយខ្លះទៅវិញនៅក្នុងអំឡុងនៃ វិបត្តិសកលនៃជំងឺកូវីដ-១៩។ ការបណ្តាក់ទុនក្នុងស្រុក គួបផ្សំនឹងរំហូរវិនិយោគផ្ទាល់ពីបរទេសនេះ បាន រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាជនកម្ពុជា។ កំណើនសេដ្ឋកិច្ចនេះ គឺជាលទ្ធផលនៃការរួមចំណែកយ៉ាងសំខាន់ពីវិស័យឯកជន។

ជាមួយគ្នានេះ តំណាងផ្នែកឯកជន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានដាក់ចេញ នូវគោលនយោបាយនិងវិធានការថ្មីៗកន្លងមក ដែលតាមរយៈនេះ វិស័យឯកជនទទួលបាននូវការលើកទឹកចិត្ត និងកិច្ចសម្រួលដ៍សម្បើមនៅក្នុងសកម្មភាពធុរកិច្ចរបស់ខ្លួន ជាពិសេសការលើកទឹកចិត្តវៃឆ្លាតដែលមាន ចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើ កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ និងដែលមាននៅក្នុងច្បាប់និងបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ការដាក់ឱ្យអនុវត្ត នូវវិធានការថ្មីៗកន្លងមក គឺជាតឹកតាងថ្មីមួយទៀតនៃប្រសិទ្ធភាពនិងភាពស័ក្កសិទ្ធនៃភាពជាដៃគូសន្ទនារវាង រាជរដ្ឋាភិបាល ផ្នែកឯកជន ដែលនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលចំពោះ វិនិយោគិន និងធុរជន។ ទន្ទឹមនឹងនេះដែរ តំណាងផ្នែកឯកជនបានសម្តែងនូវសេចក្តីសោមនស្សចំពោះរាជរដ្ឋាភិបាលដែលបានសម្រេចទទួលស្គាល់ជាផ្លូវការ នូវសមាសភាពក្រុមការងារទាំង១៤ ផ្នែកឯកជនន វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន តាមរយៈសេចក្ដីសម្រេចលេខ ១៣០ សសរ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ហើយសមាសភាពក្រុមការងារទាំង១៤នេះ គឺជាយន្តការសន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាក្រសួង- ស្ថាប័ន និងតំណាងផ្នែកឯកជនទៅតាមវិស័យ។

ក្នុងសុន្ទរកថារបស់ខ្លួននាឱកាសដ៍មហោឡារិកនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវកត្តញ្ញូតាធម៌ និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាស្ថាបនិក និងដែលតែងតែដឹកនាំវេទិកានេះជាបន្តបន្ទាប់គិតចាប់ពីវេទិកាលើកទី១ រហូតដល់វេទិកាលើកទី១៨ ដោយ កន្លងមក សម្តេចតជោអតីតនាយករដ្ឋមន្ត្រី ធ្លាប់បានផ្ដល់នូវចក្ខុវិស័យ យុទ្ធសាស្ត្រ វិធានការ និងការសម្រេច ដ៍ខ្ពង់ខ្ពស់និងប្រកបដោយគតិបណ្ឌិត ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ច និងការវិនិយោគនៅកម្ពុជា និងពង្រឹងវិស័យឯកជនឱ្យកាន់តែមានជវភាព និងភាពជាម្ចាស់ក្នុងតួនាទីជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ច។

ជាក់ស្ដែង យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនទាំង១៨ កន្លងមក បានរួមចំណែកយ៉ាងសំខាន់ដល់ ការកែលម្អបរិយាកាសនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។
យោងតាម Business Ready នៃធនាគារពិភពលោក, កម្ពុជាបានកាត់បន្ថយ ចំណាយចាប់ផ្តើមធុរកិច្ច ពី ៥៣% នៃចំណូលសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០១៩ មកត្រឹម ២២% នៅឆ្នាំ២០២២; ចំណាយឡូជីស្ទិក ត្រូវបានកាត់បន្ថយពី ៣៣% នៃ ផសស នៅឆ្នាំ២០១៥ មកត្រឹម ២៦%នៃផសស នៅឆ្នាំ២០២២ និង ថ្លៃអគ្គិសនីសម្រាប់ឧស្សាហកម្ម ត្រូវបានកាត់បន្ថយពី ១៦,៧ សេន/មួយគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០១៧ មកត្រឹម ១៣,៧ សេន/ មួយគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២២។ ទោះបីវឌ្ឍនភាពនេះ, បើមើលមួយភ្លែតទៅឃើញហាក់ ដូចជានៅតិចតួច ក៏ប៉ុន្តែយើងទាំងអស់គ្នាបានខិតខំធ្វើការជាប្រចាំជាមួយនឹងឆន្ទៈមោះមុត តាមទិសស្លោក “កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់” នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ, ភាពប្រាកដ និយម និងភាពម៉ឺងម៉ាត់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី ន ព្រះរាជាណាចក្រកម្ពុជា ។

ផ្អែកលើមូលដ្ឋាននៃសាវតារួមនេះ ការរៀបចំឡើងនូវវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តនូវប្រពៃណី ដ៍បវរពីរាជរដ្ឋាភិបាលនីតិកាលមុន សំដៅជួយគាំទ្រជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន។ មួយវិញទៀត, វេទិកាលើកទី ១៩ នេះ ក៏ជាជំហានប្រវត្តិសាស្ត្រមួយទៀត នៃការចេញដំណើរឆ្ពោះទៅកាន់ “ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ប្រកបដោយភាពជឿជាក់ និងថាមពលរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដូចបាន គូសរំលេចយ៉ាងក្បោះក្បាយក្នុងបទអន្តរាគមន៍ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មុននេះ បន្ដិច។
នៅក្នុងដំណើរការរៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ នេះ, ក្រុមការងារតាមផ្នែកដែល បច្ចុប្បន្នមានចំនួន ១៤ បានជួបប្រជុំនិងបូកសរុបការងាររៀងខ្លួន ដោយបានពិភាក្សាលើបញ្ហាប្រឈម និងស្នើឡើងនូវវិធានការអាទិភាពប្រមាណជិត ២០០ សម្រាប់រាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ ជាការកត់សម្គាល់, វិធានការទាំងនោះ មានលក្ខណៈចម្រុះ ពោល គឺមានតូច, មានធំ, មានទូទៅ និងជាក់លាក់តាមវិស័យ, មានជាបញ្ហារយៈពេលខ្លី និងមធ្យម, និងមានខ្លះទៀត ជាបញ្ហារួមអន្តរវិស័យ (Cross-cutting)។ បញ្ហាប្រឈម ភាគច្រើន ត្រូវបានឯកភាពគ្នាដោះស្រាយរួចរាល់នៅក្នុងកម្រិតក្រុមការងារ។
ប៉ុន្តែ ក៏មានបញ្ហាចំនួន ២៣ ត្រូវបានសម្រេចបង្វែរជូនទៅក្រុមការងារផ្នែកផ្សេង ដែលមានសមត្ថកិច្ច សមស្របជាង។ ជាមួយគ្នានេះ, វិធានការដែលមានលក្ខណៈអន្តរវិស័យ និងអន្តរស្ថាប័នប្រមាណ ១៤ ត្រូវ បានបញ្ចូនបន្តមកគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចាត់ការបន្ត។ ជាលទ្ធផល, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពាក់ព័ន្ធជាបន្តបន្ទាប់, ទាំងកិច្ច ប្រជុំរួម និងដាច់ដោយឡែក, និងបានផ្ដល់គោលការណ៍សម្រាប់ដោះស្រាយបញ្ហាទាំងនោះរួចរាល់ ហើយ ដែលការខិតខំដោះស្រាយបណ្តាបញ្ហាប្រឈម ប្រកបដោយស្មារតីយោគយល់ខ្ពស់ ក្នុងកម្រិតក្រុមការងារ បង្ហាញពីភាពម្ចាស់ការ និងប្រសិទ្ធភាពខ្ពស់នៃក្រុមការងារតាមផ្នែក។ យន្តការក្រុមការងារតាមផ្នែក ក៍បានក្លាយ ជាវេទិកាកម្រិតបច្ចេកទេសជាន់ខ្ពស់ ដ៏មានសារៈសំខាន់មួយ សម្រាប់ពន្យល់បកស្រាយលើទិដ្ឋភាពនីតិវិធី
និងការអនុវត្តនៃវិធានការគោលនយោបាយរបស់រដ្ឋាភិបាល ដែលពុំទាន់មានភាពច្បាស់លាស់សម្រាប់វិស័យ ឯកជន, នេះម្យ៉ាង និងម្យ៉ាងទៀត, យន្តការនេះ ក៏ផ្ដល់ឱកាសសម្រាប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អាចស្វែងយល់កាន់តែស៊ីជម្រៅលើបញ្ហាប្រឈមជាក់លាក់តាមវិស័យដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន
ការណ៍នេះ បានអនុញ្ញាតឱ្យក្រសួង ស្ថាប័ននៃរដ្ឋាភិបាលមានលទ្ធភាពកាន់តែខ្ពស់ក្នុងការដាក់ចេញនូវ វិធានការបន្ថែមឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ឬផ្តល់ភាពទន់ភ្លន់ក្នុងការអនុវត្តវិធានការមានស្រាប់ មួយចំនួន សំដៅដោះស្រាយកង្វល់នានារបស់វិស័យឯកជន។

យ៉ាងណាមិញ នៅមានសេសសល់កិច្ចការមួយចំនួន ពុំទាន់ទទួលបាននូវដំណោះស្រាយ ឬការឆ្លើយតប ពេញលេញនៅឡើយ ដែល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរាយការណ៍ជូន សម្តេច ធិបតីនាយករដ្ឋមន្ត្រី នូវសំណូមពររបស់វិស័យឯកជន ចំនួន១០ ចំណុច ដើម្បីទទួលបានអនុសាសន៍ណែនាំ ដ៍ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ទាំងក្នុងលក្ខណៈជាគោលការណ៍ និងទាំងការដាក់ ចេញជាវិធានការជាក់ស្តែង សម្រាប់យកទៅអនុវត្តបន្ត។ ចំណុចទាំង ១០ នោះគឺពាក់ព័ន្ធនឹង
ទី១-ការសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការផ្ដល់ការសម្រួលក្នុងការបំពេញ កាតព្វកិច្ចគណនេយ្យ និងសវនកម្ម; ការលើកកម្ពស់តម្លាភាពនៃការងារប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ; ការបន្តជំរុញការរៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ការគាំទ្របន្ថែមដល់សហគ្រាសធុន មីក្រូ តូច និងមធ្យម; និងការចូលរួមរបស់វិស័យឯកជន ក្នុងការរៀបចំបទដ្ឋានគតិយុត្ត។
ទី២- ការសម្រាលបន្ទុកលើអនុលោមភាព តាមរយៈការជំរុញការអនុវត្តយន្តការ ក្រុមការងារ អធិការកិច្ចអន្តរក្រសួង, ការបន្តជំរុញការអភិវឌ្ឍជំនាញ និងផលិតភាព របស់កម្មករ និយោជិត និងការពង្រឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។
ទី៣-ការសម្រួលធុរកិច្ចនៅក្រោមដែនសមត្ថកិច្ចពន្ធដារ តាមរយៈការបន្តគោលការណ៍មិនយកពន្ធ; ការលុបការបង់ភាស៊ី និងការបង់កម្រៃផ្សេងៗ; ការអនុគ្រោះបន្ថែម ពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ; ការកែសម្រួលការប្រមូលពន្ធលើដីធ្លីមិនប្រើប្រាស់; ការសម្រួល និងការពង្រីកវិសាលភាពនៃការអនុគ្រោះពន្ធ ក្នុងវិស័យកសិកម្ម; ការផ្តល់ការអនុគ្រោះ ពិសេសសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ការលើកទឹកចិត្ត ផ្សេងទៀត; និងការបន្តជំរុញកិច្ចការកែទម្រង់រដ្ឋបាលសារពើពន្ធ។
ទី៤-ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម នៅក្រោមដែនសមត្ថកិច្ចគយ តាមរយៈការសម្រួលវិធាន និងនីតិវិធីក្នុងការបញ្ចេញទំនិញ ការលើកកម្ពស់ប្រសិទ្ធភាពសេវាគយ និងការបន្តជំរុញការប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិក ឱ្យកាន់តែច្រើន; ការអនុញ្ញាតឱ្យមានការផ្តល់សេវាធ្វើការបន្ថែមម៉ោងរបស់មន្ត្រីគយ នៅពេលយប់; ការបន្តជំរុញការបណ្តុះបណ្តាល និងការផ្តល់អាជ្ញាបណ្ណជើងសារគយ និងការពង្រឹងការគ្រប់គ្រងលើការនាំចូល ដោយខុសច្បាប់នូវ សាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រី ជាដើម។
ទី៥- ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការដំឡើង កម្រិតទម្ងន់រថយន្ត ដឹកទំនិញ។

ទី៦-ការស្តារ និងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការដាក់ដំណើរការក្រុមប្រឹក្សា ទេសចរណ៍ ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជា; ការសម្រួលដល់ទេសចរក្នុងការទស្សនាខេត្តសៀមរាប ដោយ ផ្សារភ្ជាប់នឹងការតភ្ជាប់ជើងហោះហើរ និងការសម្រួលផ្នែកទិដ្ឋាការ; ការលើកកម្ពស់បដិសណ្ឋារកិច្ចតាមច្រកទ្វារ ព្រំដែន; ការគិតគួរពង្រីកវិសាលភាពបណ្ណព្រំដែន; និងការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប; ព្រមទាំងការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់វិស័យនេះ។
ទី៧-ការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការកសាងប្រព័ន្ធផលិត គ្រាប់ពូជសុទ្ធលើប្រភេទស្រូវផ្ការំដួល និងសែនក្រអូប; ការពង្រឹងគុណភាពនៃការនាំចូលគ្រាប់ពូជបន្លែ និង ការផលិតពូជបន្លែក្នុងស្រុក; ការជំរុញការនាំចេញអង្ករ និងស្វាយចន្ទី; ការរៀបចំសហគមន៍កសិកម្ម; ការរៀបចំ បង្កើតច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការអនុវត្តយន្តការលើកទឹកចិត្តក្នុងវិស័យនេះ។
ទី៨-ការជំរុញការចូលរួមចំណែករបស់វិស័យធនាគារ ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទាន សម្រាប់វិស័យឯកជន ដោយរក្សាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការរក្សាអនុបាតទ្រនាប់ដើមទុន ខនស៊ើវេសិន (Capital Conservation Buffer) ដែលមានភាពអនុគ្រោះ; ការអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ; ការបន្តអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ ក្នុងកម្រិតសមស្រប និងការបន្ត លើកទឹកចិត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យរៀបចំឥណទានឡើងវិញ។

ទី៩-ការជំរុញការអភិវឌ្ឍវិស័យរ៉ែ និងថាមពល តាមរយៈការកែលម្អការគ្រប់គ្រង និងការជំរុញ លើកទឹកចិត្តការធ្វើអាជីវកម្ម និងការនាំចេញថ្មអារ; ការធ្វើសាមញ្ញកម្មនីតិវិធីនៃការចេញវិញ្ញាបនបត្របញ្ជាក់ ការនាំចេញ, និងការបន្តជំរុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល។
ទី១០- ការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ តាមរយៈការបន្តអនុវត្តវិធានការជាកញ្ចប់ រួមមាន បន្តពន្យារពេលការអនុវត្ត និងការបង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល; ការលើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកលែងការផាកពិន័យនានា; ការបន្ធូរបន្ថយកាតព្វកិច្ចដាក់ របាយការណ៍ហិរញ្ញវត្ថុ ឱ្យរងសវនកម្មឯករាជ្យ និងការផ្តល់សិទ្ធិឱ្យជនបរទេសអាចកាន់កាប់អចលនទ្រព្យ ជាដើម។
នៅក្នុងសុន្ទរកថានិងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះតំណាងផ្នែកឯកជន ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាជាមួយរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការលើកឡើងដោយស្មោះត្រង់ និងក្នុងន័យ ស្ថាបនាពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា ក្នុងនាមជាដៃគូសន្ទនាដែលមិនអាចខ្វះបាន និងបានបំពេញឱ្យគ្ន ទៅវិញទៅមកក្នុងដំណើរឆ្ពោះទៅកាន់សមាហរណកម្មនៅក្នុងតំបន់ដែលកាន់តែទូលំទូលាយ។ ក្នុងន័យនេះ អនុសាសន៍គោលនយោបាយរបស់តំណាងផ្នែកឯកជន ពិតជាមានសារៈសំខាន់ និងជាធាតុចូលសម្រាប់ រាជរដ្ឋាភិបាល ក្នុងការសម្រេចជាលក្ខណៈគោលនយោបាយក្នុងការដឹកនាំ។ ដោយហេតុនេះ ទើបរាជរដ្ឋាភិបាលបានបង្កើតឱ្យមានវេទិកានេះឡើង។

បន្ថែមលើនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាបអ្នកចូលរួមទាំងអស់ ជាពិសេសចំពោះ
ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជនថាពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនិងជំរុញការអនុវត្ត
ប្រកបដោយឆន្ទៈមោះមុតឥតរាថយក្នុងការដាក់ចេញនូវកញ្ចប់វិធានការកែទម្រង់ នៅក្រោមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ស្របតាមបាវចនា“ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងការអនុវត្តអភិក្រម ៥ យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)” សំដៅការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ កំណត់យក អាទិភាពគន្លឹះ ៥ គឺ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
ជាការឆ្លើយតបទៅនឹងសំណូមពរ និងបញ្ហាប្រឈមដែលបានលើកឡើងដោយតំណាងផ្នែកឯកជន សម្តេចធិបតីនាយករដ្ឋមន្តី បានសម្រេចដ៍ខ្ពង់ខ្ពស់ ដាក់ចេញនូវវិធានការមួយចំនួន ដែលនឹងមានប្រកាសជូនតាមរយៈសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលឆាប់ៗខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង