ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះហែកហួរ ប្រពន្ធ និងកូន សពលោក ស៊ិន សុង ដណ្តើមកេរមរតក និងជំពាក់បំណុល ត្រូវធនាគាររឹបអូស

472


ភ្នំពេញ៖ ជម្លោះហែកហួរ រឿងជម្លោះកេរមរតក និងការជំពាក់បំណុល ធនាគារកាណាឌីយ៉ា រហូតឈានដល់ការឈូសឆាយ រំលាយផ្នូរសពលោក ស៊ិន សុង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម័យរដ្ឋកម្ពុជា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក ស៊ិន វិសាល ជាកូនច្បងរបស់សពលោក ស៊ិន សុង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម័យរដ្ឋកម្ពុជា ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០១៨ រឿងកេរមរតក និងករណីអ្នកស្រី ឡុង សាខន ប្រពន្ធដើម និងកូនស្រី លួចយកទ្រព្យសម្បត្តិ ទៅដាក់បញ្ចាំ នៅធនាគារ រហូតដាច់ និងកំពុងប្រឈមការរឹបអូស។

ទន្ទឹមនឹងការធ្វើសន្និសីតកាសែតនេះដែរ ប្រជាពលរដ្ឋជាង១០០នាក់ តំណាងប្រមាណ៥០០គ្រួសារ ក៏មកប្រើម្ដុំគ្នានៅភូមិគ្រឹះលោក ស៊ិន សុង ក្នុងខណ្ឌចំការមន ដើម្បីទាមទារកុំឲ្យធនាគារឈូសឆាយផ្នូរ និងរឹបអូសទ្រព្យសម្បត្តិរបស់លោក ស៊ិន សុង ផងដែរ។

សូមបញ្ជាក់ថា លោកស្រីឧកញ៉ា ឡុង សាខន ស៊ិន សុង ភរិយាសពរបស់លោក ស៊ិន សុង ក្លែងបន្លំស្នាមមេដៃកូនប្រុស យកទ្រព្យមរតកដាក់បញ្ចាំធនាគារ។ បន្ទាប់ពីលោក ស៊ិន សុង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាសម័យរដ្ឋកម្ពុជា ទទួលមរណភាពអំឡុងឆ្នាំ២០០១ ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិមរតកជាផ្ទះសម្បែង និងដីធ្លីច្រើនកន្លែង មានតម្លៃរាប់លានដុល្លារអាមេរិកនោះ គឺជម្លោះបែងចែកកេរមរតក ក៏បានកើតឡើងយ៉ាងក្តៅគគុកផងដែរ រវាងលោកស្រី ឧកញ៉ា ឡុង សាខន ស៊ិន សុង ជាភរិយាសពលោក ស៊ិន សុង និងកូនប្រុសច្បងសពលោក ស៊ិន សុង ខណៈទីតាំងដីបញ្ចុះតម្កល់សពលោក ស៊ិន សុង ទំហំជាង៧ហិកតា ឋិតនៅជាប់ផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល មួយផ្នែកធំ ក៏ត្រូវស្ថាប័នតុលាការរឹបអូស សម្រាប់ធានាសំណង ឲ្យម្ចាស់បំណុលដែរ តាមរយៈការដាក់ដេញថ្លៃលក់ឡាយឡុង ។

រឿងជម្លោះបែងចែកកេរមរតកសពលោក ស៊ិន សុង អតីតជាថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា នាសម័យរដ្ឋកម្ពុជា ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺនៅត្រង់ថា កូនប្រុសច្បងរបស់សពលោក ស៊ិន សុង និងលោកស្រីឧកញ៉ា ឡុង សាខន ស៊ិន សុង ដោយម្នាក់ បានចោទប្រកាន់លោកស្រីឧកញ៉ា ឡុង សាខន ស៊ិន សុង ត្រូវជាម្តាយបង្កើតរបស់ខ្លួនថា បានរួមដៃជាមួយកូនដើមក្លែងបន្លំឯកសារផ្សេងៗ និងក្លែងបន្លំស្នាមមេដៃរបស់ខ្លួន ដើម្បីយកអចលនទ្រព្យ កេរមរតកឪពុកបង្កើតរបស់ខ្លួនមួយចំនួន ទៅដាក់បញ្ចាំនៅធនាគារ បានលុយបង្វែរទៅទិញអចលនទ្រព្យផ្សេងៗទៀត ទុកជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ភ័ស្តុតាងជាឯកសារតាមការបញ្ជាក់របស់លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ បានបង្ហាញឲ្យឃើញថា លោកស្រី ឡុង សាខន ស៊ិន សុង ភរិយាសពលោក ស៊ិន សុង បានក្លែងបន្លំស្នាមមេដៃ កូនប្រុសបង្កើតម្នាក់ របស់លោកស្រីឈ្មោះ ស៊ិន វិសាល ដើម្បីយកអចលនវត្ថុជាភូមិគ្រឹះមួយកន្លែង ឋិតនៅផ្លូវលេខ៦៣ កែងផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ៤៩២៧ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទៅដាក់បញ្ចាំនៅធនាគារកាណាឌីយ៉ា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០០៧ ។

មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អំពើរបស់លោកស្រី ឧកញ៉ា ឡុង សាខន ស៊ិន សុង ដែលបានក្លែងស្នាមមេដៃទាយាទរបស់សពលោក ស៊ិន សុង និងត្រូវជាកូនបង្កើតរបស់លោកស្រីផងនោះ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមិនសក្តិសមជាអំពើរបស់អ្នកជំនួញ ត្រូវជាភរិយាអតីតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាម្នាក់ ត្រូវប្រព្រឹត្តនោះឡើយ ។

លោកស្រី ឡុង សាខន ស៊ិន សុង ជាពាណិជ្ជករម្នាក់មានទ្រព្យសម្បត្តិមហាសាល និងត្រូវជាភរិយាសពលោក ស៊ិន សុង ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៩/៩០៥ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៩ ។

កូនប្រុសច្បងសពលោក ស៊ិន សុង អតីតរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃសម័យរដ្ឋកម្ពុជាបាន ប្រកាសស្វែងរកការសណ្តោសប្រណី ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលសាជាថ្មី ដើម្បីឲ្យជួយសម្របសម្រួលដោះស្រាយ បញ្ចប់ជម្លោះបែងចែកកេរមរតក ដែលបន្សល់ទុកដោយ ឪពុករបស់លោក ខណៈជម្លោះនេះអូសបន្លាយ អស់រយៈពេលជិត១០ឆ្នាំមកហើយនោះ។

លោក ស៊ិន វិសាល ដែលជាកូនប្រុសច្បងរបស់សពលោក ស៊ិន សុង ជាមួយនិងលោកស្រី ឡុង សាខន បានអះអាងថា តាំងពីឪពុករបស់ខ្លួនស្លាប់ចោលទៅ កាលពីឆ្នាំ២០០១ ដោយមិនបន្សល់បណ្តាំមរតកអ្វីនោះ រហូតមកដល់ពេលនេះ ក្នុងនាមរូបលោក ជាកូនប្រុសច្បងនៃបងប្អូនបង្កើត២នាក់ របស់សពលោកឪពុក ស៊ិន សុង គឺរូបលោកមិនបានទទួល កេរមរតកអ្វីបនិ្តចសោះ ខណៈឪពុកស្លាប់ទៅគឺមានបន្សល់ទុកទ្រព្យសម្បតិ្តជា ផ្ទះសម្បែងនិងដីធ្លីជាច្រើនកន្លែង ។

លោក ស៊ិន វិសាល បានបន្តឲ្យដឹងថា ម្តាយបង្កើតរបស់លោក គឺអ្នកស្រី ឡុង សាខន មុននឹងរៀបការជាមួយឪពុករបស់លោក គឺគាត់ធ្លាប់មានប្តីមុន និងមានកូនប្រុស-ស្រី ៣នាក់ រួចមកហើយ ដែលរួមមានឈ្មោះ ស៊ិន សុថាវី ភេទស្រី ឈ្មោះ ស៊ិន រដ្ឋា ភេទប្រុស និងឈ្មោះ ស៊ិន សុធារៈ ភេទប្រុស។

ចំណែករូបលោកដែលជាកូនបង្កើតរបស់ឪពុកឈ្មោះ ស៊ិន សុង និងម្តាយឈ្មោះ ឡុង សាខន មានតែ២នាក់ប៉ុណ្ណោះ គឺរូបលោកនិងប្អូនស្រីម្នាក់ទៀត ឈ្មោះ ស៊ិន ពិសី។ ប៉ុន្តែក្រោយពេល ឪពុកលោកស្លាប់ទៅម្តាយ របស់លោកមិនបានបែងចែក កេរអាករអ្វីដល់រូបលោកនោះឡើយ មិន តែប៉ុណ្ណោះបានធ្វើការក្លែងបន្លំឯកសារ យកទ្រព្យសម្បតិ្តដែលបន្សល់ទុក ដោយឪពុករបស់លោក ទៅដាក់បញ្ចាំនៅធនាគារ សូម្បីតែដីកប់សពឪពុក របស់លោកនៅកៀនស្វាយ ក៏ត្រូវបានម្តាយនិងឈ្មោះ ស៊ិន សុថាវី យកទៅដាក់បញ្ចាំនៅធនាគារដែរ ដែលបច្ចុប្បន្នកំពុងប្រឈមការរឹបអូស យកទៅលក់ ឡាយឡុងសងធនាគារទៀតផង។

មិនតែប៉ុណ្ណោះ ក្រោយពីឪពុកបង្កើតរបស់លោកស្លាប់ចោលទៅ ម្តាយរបស់លោកបានព្យាយាមក្លែងបន្លំឯកសារជាច្រើន ដើម្បីលុបឈ្មោះលោកចេញ ពីសមាជិកគ្រួសារ ដូចកាលពីឆ្នាំ២០០៨ ម្តាយរបស់លោកធ្វើសៀវភៅគ្រួសារនៅ ខេត្តព្រះសីហនុ ដាក់ឈ្មោះតែគាត់ និងកូនស្រីដើមឈ្មោះ ស៊ិន សុថាវី និង ប្អូនស្រីពៅរបស់លោក ឈ្មោះ ស៊ិន ពិសី ជាសមាជិក ហើយ ប្តឹងទៅតុលាការ ដើម្បីឲ្យចៅក្រមសម្រេចថា អ្នកទាំងពីរជាអ្នកមានសិទ្ធិទទួលមរតកពីសពឪពុក របស់លោក ដោយមិនមានឈ្មោះលោកនោះឡើយ។

លោក ស៊ិន វិសាល បានលើកឡើងថា តាមច្បាប់អ្នកដែលមានសិទិ្ធទទួលមរតក ពីសពឪពុករបស់ លោក គឺមានតែ៣នាក់ប៉ុណ្ណោះ គឺម្តាយដែលត្រូវជា ប្រពន្ធសព និងរូបលោក និងប្អូនស្រី ដែលត្រូវជាកូនបង្កើត។ ចំណែកឈ្មោះ ស៊ិន សុថាវី ដែលជាកូនប្តីដើម គ្មានសិទិ្ធទទួលមរតកនោះទេ។

ពាក់ព័ន្ធទៅនឹងជម្លោះកេរមរតកខាងលើនេះ ត្រូវបានលោក​ ស៊ិន វិសាល អះអាងថា ចាប់ផ្តើមកើតមានឡើងតាំងពីឆ្នាំ២០០៧-២០០៨មកម៉្លេះ ខណៈដែលរូប លោកទាមទារឲ្យម្តាយរបស់លោកធ្វើការបែងចែក ដើម្បីរូបលោកមានលទ្ធភាព យកទ្រព្យកេរទៅចាត់ចែងរកស៊ីចិញ្ចឹមប្រពន្ធកូន តែម្តាយរបស់លោក ចេះតែ គេចវេះរហូត និងព្យាយាមក្លែងឯកសារផ្សេងៗជាមួយឈ្មោះ ស៊ិន សុថាវី ដើម្បីយកទ្រព្យកេរ ទៅដាក់បញ្ចាំនៅធនាគារ យកលុយបងែ្វរទៅទិញអចលនទ្រព្យផ្សេងៗដូចជា ក្លែងស្នាមមេដៃរបស់ លោកដើម្បីយកដី យកផ្ទះទៅដាក់បញ្ចាំជាដើម។

ក្នុងនោះកន្លងមកក៏មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា ឈឺឆ្អាលសន្តោសប្រណីដល់រូបលោក ក្នុងការទទួលបានមរតកផងដែរ តែម្តាយរបស់លោកចេះតែគេចវេះ និងភូតភរថ្នាក់ដឹកនាំរហូត។ ដូច្នេះហើយទើបលោកធ្វើការអំពាវនាវ សូមឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មេត្តាជួយសននតោសប្រណីសាជាថ្មី ដើម្បីធ្វើយ៉ាងណាឲ្យរូបលោក ទទួលបានមរតកខ្លះរបស់ឪពុក លោកយកទៅរកស៊ីចិញ្ចឹមគ្រួសារបន្តទៀត ព្រោះបច្ចុប្បន្នលោក និង គ្រួសារគ្មាន ផ្ទះរស់នៅពិតប្រាកដឡើយ សូម្បីតែផ្ទះដែលលោកស្នាក់នៅសព្វថ្ងៃ ក៏ត្រូវបានម្តាយ និង កូនដើមឈ្មោះ ស៊ិន សុថាវី យកទៅបញ្ចាំធនាគារអស់ដែរ។

លោក ស៊ិន វិសាល បានបញ្ជាក់ថា ក្នុងចំណោមទ្រព្យសម្បតិ្តរបស់ឪពុកលោក ទាំងអស់មានចំនួនតែ ៧កន្លែងប៉ុណ្ណោះ ដែលលោកបានប្តឹងទៅតុលាការ សុំដីការក្សាការពារ ក៏ប៉ុន្តែលោកទាមទារយកតែ៣កន្លែងប៉ុណ្ណោះ ដែលរួមមាន៖ ទី១. ដីផ្ទះលេខ១១ ផ្លូវលេខ៦៣ កែង៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បច្ចុប្បន្នកំពុងស្នាក់នៅ តែប្លង់ត្រូវម្តាយនិងកូនដើមយកទៅបញ្ចាំនៅធនាគារ ។ ទី២. ដីទំហំ ៧៤១៤៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិ-ឃុំ ភូមិធំ ស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជា កន្លែងបញ្ចុះសពឪពុកលោកទុកសម្រាប់គោរពបូជា និងទី៣. ដីទំហំ ៤៣៨.៨៣៩ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ហៅភ្នំ៩៦ លោកទាមទារយក១៥ហិកតា ។ ក្រៅពីនេះ គឺលោក សុំមិនធ្វើការទាមទារអ្វីឡើយ។

ពាក់ព័ន្ធការអះអាងរបស់លោក ស៊ិន វិសាល មិនអាចសុំការបំភ្លឺពីអ្នកស្រី ឡុង សាខន បាននោះទេ៕

អត្ថបទដែលជាប់ទាក់ទង