ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ពិនិត្យឡើងវិញ ពីប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រុ២ និងពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់ឲ្យចំគោលដៅ របស់រាជរដ្ឋាភិបាល

75

 

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គម ជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសគឺចៅសង្កាត់ទាំង១០៥ ពិនិត្យឡើងវិញពីប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រុ២និងពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់ឲ្យចំគោលដៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ដោយសារការរាតត្បាតជាសកលនៃជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ី បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះសម្រាប់ប្រទេសកម្ពុជាក៏បានទទួលនូវផលប៉ះពាល់ទាំងនេះដែរ ដែលទាមទារឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសចៅសង្កាត់ទាំង១០៥ ដែលជាប្រតិបត្តិករត្រូវ ពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់ឲ្យចំគោលដៅ ។

កិច្ចប្រជុំនេះដែរក៏ធ្វើឡើង ដើម្បីស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីយើងបានយកបញ្ហាទាំងនោះមកដោះស្រាយ។ សម្រាប់ខណ្ឌទាំង១៤ពិសេសគឺលោកចៅសង្កាត់ទាំង១០៥ ត្រូវប្រជុំរៀបចំផែនការ ប្រជុំដាក់ផែនការ និងត្រួតពិនិត្យផែនការ ដកស្រង់បទពិសោធន៍ យ៉ាងហោចណាស់ក្នុង១ឆ្នាំឲ្យបាន២ដង។

រដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាមជាប្រតិបត្តិករត្រូវធ្វើការងារឱ្យចំគោលដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ កុំឲ្យមានការប្រណែនគ្នា បើយើងអនុវត្តការងារនេះចំគោលដៅហើយនោះ វាមិនត្រឹមតែមិនមានភាពច្រណែនគ្នាប៉ុណ្ណោះទេ តែយើងក៏មានឧត្ដមភាពលើការងារនេះផងដែរ។

ត្រូវចាំថា សម្រាប់មន្ត្រីនៅថ្នាក់មូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋ គឺមិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ យើងជាអ្នកបំរើលប្រជាពលរដ្ឋរាល់ថ្ងៃ នៅពេលប្រជាពលរដ្ឋមានបញ្ហា យើងត្រូវចុះជួយពួកគាត់ភ្លាមៗ។

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ ដើម្បីយើងទទួលបានព័ត៌មានជាក់លាក់។ សម្រាប់អាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ និងមន្ត្រីជាប្រតិបត្តិករ ក៏ត្រូវបន្តសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញផងដែរ ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយអោយបាននូវភាពអសកម្មនានា។

ជម្រុញឱ្យពិនិត្យមើលឧបករណ៍ប្រើប្រាស់លើការងារនេះឲ្យបានល្អ ដោយត្រូវជួសជុល កែលំអរ ដំឡើងVersion នៅលើ(ថេបថ្លេត) ដើម្បីអាចដំណើរការលើការងារនេះ បានលឿនអាចបញ្ចូលទិន្នន័យបានគ្រប់ទាំងអស់។

ជម្រុញឱ្យខណ្ឌនិងសង្កាត់ទាំង១០៥ ធ្វើការសម្ភាន៍សជនពិការភាពនៅក្នុងមូលដ្ឋាន ដោយក្រោយការសម្ភាសន៍ជាប់ ពួកគាត់អាចទទួលបានប្រាក់ឧបត្ថមសង្គមនេះពីរាជរដ្ឋាភិបាលដែរ។

ក្នុងនាមអាជ្ញាធរត្រូវដឹងថា ប្រជាពលរដ្ឋក្រីក្រ ត្រូវការជំនួយសង្គមដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល។ បន្ថែមពីនេះការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក៏ជាការងារចាំបាច់បំផុត ដែលយើងត្រូវអនុវត្ត។ យើងត្រូវចាំថា សន្តិសុខ គឺជាអ្វីដែលប្រជាពលរដ្ឋចង់បានគ្រប់គ្នា មិនថាអ្នកមានឬអ្នកក្រឡើយ។

លោកស្រី មុំ ចាន់ដានី ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានថ្លែងរបាយការណ៍សង្ខេប ស្តីពីអ្នកទទួលផលក្នុងកម្មវិធីជាតិជំនួយសង្គមជាសាច់ប្រាក់ ចាប់តាំងចាប់ពីចាប់ផ្តើមកម្មវិធីរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដាសង្កាត់ ទាំង១០៥ ក្នុងរាជធានីភ្នំពេញ។

លោកស្រី បានថ្លែងថា កម្មវិធីកញ្ចប់គ្រួសារ៖ ១.កម្មវិធីកញ្ចប់គ្រួសារនឹងត្រូវធ្វើសមាហរណកម្មរួមបញ្ចូលគ្នានៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, អ្នកផ្ទុកមេរោគអេដស៍, មនុស្សវ័យ ចាស់ចាប់ពីអាយុ ៦០ ឆ្នាំឡើង,ជនមានពិការភាពក្នុងគ្រួសារក្រីក្រ,និងការឧបត្ថម្ភជូនសិស្សានុសិស្ស ក្នុងគ្រួសារក្រីក្រពី ថ្នាក់ទី១ រហូតដល់ទី១២ ដែលកម្មវិធីនេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។

២. គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គោលបំណងដើម្បីរក្បាល់ នឹងជីវភាពផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះផ្តោតលើ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យអំឡុងពេលសម្ពាធអតិផរណា។ -កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានទឹកជំនន់។ កម្មវិធីនានាត្រៀមឆ្លើយតបនឹងគ្រោះអាសន្នពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង