ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌច្បារអំពៅ បើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ សង្កាត់ទាំង៨

136

ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងបរិវេណវត្តព្រែកឯង សង្កាត់ព្រែកឯង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និង ពិគ្រោះយោបល់លើកទី២ អាណត្តិទី២ ឆ្នាំ២០១៨ ជាមួយរដ្ឋបាលសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីលោកស្រី សុភ័គ ថាវី អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌច្បារអំពៅ លោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និង លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។

​លោក អ៊ុំ ម៉ារ៉េត បានអោយដឹងថា៖ ការរៀបចំវេទិការផ្សព្វផ្សាយ និង ពិគ្រោះយោបល់នាពេលនេះ គឺជាការបង្ហាញអំពីគណនេយ្យភាព របស់ ក្រុមប្រឹក្សាណ្ឌ និងប្រជាពលរដ្ឋជាងនេះទៅទៀត ក៏ជាឱកាសឲ្យក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានដឹងនូវសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍តួនាទី របស់ក្រុមប្រឹក្សាខណ្ឌ ក្នុងឆ្នាំ២០១៨។ ជាងនេះទៅទៀត វេទិកានេះ ក៏បានបង្ហាញផងដែរ នូវតួនាទី និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ ដើម្បីឆ្លុះបញ្ចាំងនូវការឆ្លើយតប រវាងការិយាល័យជំនាញ អង្គភាពជុំវិញខណ្ឌ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ បងប្អូនអាចមានឱកាសក្នុងការសាកសួរពីសមិទ្ធផល បញ្ហាប្រឈម និង ផែនការសកម្មភាពសម្រាប់ អនុវត្តន៍ឆ្នាំខាងមុខរបស់រដ្ឋបាលខណ្ឌ ជាពិសេសគឺផលប៉ះពាល់ ទៅលើការងារប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូន។ វេទិកានេះ ក៏មានពេលវេលា សម្រាប់ផ្តល់ឱកាសដល់ក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និង អ្នកចូលរួមទាំងអស់ លើកជាសំណួរពាក់ព័ន្ធ នឹងប្រធានបទ និងមានការស្រាយបំភ្លឺពីអ្នកពាក់ព័ន្ធផងដែរ។
​នៅក្នុងកិច្ចប្រជុំនេះ ក៏មានប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់មួយចំនួន បានសំណូមដល់អាជ្ញាធរសង្កាត់​ ខណ្ឌ ជួយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងទៅនឹងការរស់នៅរបស់ពួកគាត់ ដូចជា៖ ឲ្យជួយដាក់លូដើម្បី រំដោះទឹកចេញពីភូមិឋាន ការធ្វើផ្លូវ ការធ្វើសៀវភៅស្នាក់នៅ ការបង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀនជាដើម។

​លោកចេង មុនីរ៉ា បានលើកឡើងថា៖ រាល់សំណូមពរ របស់ប្រជាពលរដ្ឋ​ទាំងអស់នេះ រដ្ឋបាលខណ្ឌ នឹងពិនិត្យដោះស្រាយ ជូនប្រជាពលរដ្ឋទៅ តាមលទ្ធភាពជាក់ស្តែង ដោយមិនអូសបន្លាយឡើយ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់បណ្តារដ្ឋបាលសង្កាត់ទាំងអស់ ត្រូវតែជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យលឿន ធ្វើឲ្យបាន និងធ្វើឲ្យមានតម្លាភាព ៕

    

អត្ថបទដែលជាប់ទាក់ទង