ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទំយើរបុគ្គល

102

ភ្នំពេញ ៖ មនុស្សខ្លះបាននៅក្បែរអ្នកមានអំណាចហើយបានអ្នកមានអំណាចកាងឬកាន់ជើងផង
នោះក៏ក្រអឺតក្រទមជាន់គេជាន់ឯងដោយយកស្បែកអ្នកមានអំណាចនោះមកគ្របលើខ្លួន។
អ្នកមានអំណាចដែលមានជឿលើបុគ្គលបែបនេះវាមិនខុសពីបំផ្លាញខ្លួនឯងឡើយព្រោះគេផ្ដល់យោបល់ខុសក៏ជឿ គេចង្អុលថាអ្នកនោះខុសក៏ជឿហើយចុងក្រោយតម្លៃរបស់
ខ្លួនក៏សាបរលាបដោយសារបុគ្គលនោះជាមិនខាន។

បែបនេះវាដូចជារឿងនៅក្នុងគតិលោកមួយដែលនិទានពីសត្វឥន្ទ្រីយ៍ដែលព្រះឥន្ទ្រ
ចិញ្ចឹម។ព្រះឥន្ទ្រីយ៍ស្រឡាញ់ឥន្ទ្រីយ៍នោះណាស់ ឥន្ទ្រីយ៍នោះចង់បានអ្វីក៏ព្រះឥន្ទ្រឲ្យឥន្ទ្រីយ៍
និយាយអ្វីក៏ព្រះឥន្ទ្រជឿដែរ។
ទីបំផុតឥន្ទ្រីយ៍នោះក្លាយជាជនទំយើរ។

ថ្ងៃមួយដោយវាដឹងថាព្រះឥន្ទ្រស្រឡាញ់វានិងជឿលើវានោះឥន្ទ្រីយ៍នោះបានទូលថ្វាយព្រះឥន្ទ្រថាយប់ម៉ិញនេះវាយល់សប្តិ៍ឃើញបានស៊ី
សាច់សត្វនេះ ឬ សត្វនោះតាមតែវាចង់ឯព្រះឥន្ទ្រក៏ជឿវាហើយបើកដៃឲ្យវាចាប់ស៊ីទៅតាម
ការដែលវាយល់សប្ដិ៍ឃើញ។

ចំណេរក្រោយមកទៀតវាទៅទូលព្រះឥន្ទ្រថាយប់ម៉ិញនេះវាយល់សប្តិ៍ថាបានស៊ីសាច់
ស្ដេចដំរី«ស»ព្រះឥន្ទ្រក៏ឲ្យគេទៅប្រាប់ស្ដេចដំរីសនោះថាឲ្យមុជទឹកជម្រះកាយឲ្យស្អាតដើម្បីមកឲ្យឥន្ទ្រីយ៍ស៊ីជាចំណី។
ស្ដេចដំរីសក៏ទៅមុជទឹកជម្រះកាយទាំងយំសោកសៅ។រំពេចនោះសត្វទន្សាយដែលនៅក្បែរនោះក៏សួរទៅស្ដេចដំរីសថា«មានរឿងអ្វីបានជាយំសោកសៅយ៉ាងនេះ»?ស្ដេចដំរីសក៏ប្រាប់ទន្សាយតាមដំណើររឿងទន្សាយក៏តបថាមិនអ្វីទេចាំយើងជួយ។តោះ!ចូលទៅគាល់ព្រះឥន្ទ្រទាំងអស់គ្នា។

ទន្សាយក៏ឡើងជិះលើក្បាលស្ដេចដំរីសដោយធ្វើពុតជាដេកលក់។លុះទៅដល់ទីស្ថាន
របស់ព្រះឥន្ទ្រស្ដេចដំរីសបានទូលព្រះឥន្ទ្រថា៖ទូលបង្គំមកដល់តាមបញ្ជាហើយ។ទន្សាយ
ដែលកំពុងតែធ្វើពុតជាដេកលក់នោះធ្វើជាភ្ញាក់ហើយស្ទុះក្រោកឡើងដោយពោលថាទូល
បង្គំដេកលក់មួយភាំងអម្បាញ់ម៉ិញយល់សប្តិ៍ថាបានដេកជាមួយប្រពន្ធព្រះឥន្ទ្រ។ឥឡូវទូល
បង្គំសុំទៅដេកជាមួយប្រពន្ធព្រះឥន្ទ្រតាមការយល់សប្តិ៍ហើយ។
ព្រះឥន្ទ្រចង់ខ្ញាល់ក៏បន្ទោសទន្សាយថាវាជារឿងយល់សប្តិ៍ម៉េចបានជាឯងគិតថាវាជា
រឿងពិត។

ទន្សាយក៏តបរបៀបផ្ចាញ់ផ្ចាលទៅវិញថា«ចុះឥន្ទ្រីយ៍យល់សប្តិ៍ថាបានស៊ីសាច់ស្ដេចដំរីសហេតុម្ដេចបានជាព្រះឥន្ទ្រថាវាជារឿងពិត?»
ដោយដឹងថាទន្សាយផ្ចាញ់ផ្ចាលឲ្យនោះព្រះឥន្ទ្រមិនត្រឹមតែឲ្យស្ដេចដំរីសនោះត្រឡប់
ទៅវិញប៉ុណ្ណោះទេហើយថែមទាំងបណ្ដេញឥន្ទ្រីយ៍ចេញពីវាំងព្រមទាំងប្រាប់មន្ត្រីទាំងអស់កុំ
ឲ្យយកគំរូតាមសត្វឥន្ទ្រីយ៍កំហូចនេះទៀតផង៕

អត្ថបទដែលជាប់ទាក់ទង