ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលជម្រាបជូនគណៈកម្មការទី៣ នៃរដ្ឋសភា អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានា និងទិសដៅអនុវត្តបន្តរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

22

 

រដ្ឋសភា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ គណៈកម្មការជំនាញនានាផ្សេងទៀតនៃរដ្ឋសភា ដើម្បីរាយការណ៍ជូនអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានា និងទិសដៅអនុវត្តបន្តរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសម្រេចបានកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈកម្មការនៃរដ្ឋសភា អំពីព្រះរាជក្រឹត្យថ្មីដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាឯកសារគតិយុត្តដ៏សំខាន់ក្នុងការពង្រឹងរចនាសម្ព័ន្ធស្ថាប័នឱ្យកាន់តែមានរឹងមាំក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅបន្តកៀគរការវិនិយោគ និងសហប្រតិបត្តិការអភិវឌ្ឍន៍ ឱ្យកាន់តែមានភាពរីកចម្រើន។

ងាកមកការងារស្នូលរបស់ក.អ.កវិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីផែនការ និងទិសដៅមួយចំនួនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងអនុវត្តដើម្បីទាក់ទាញវិនិយោគិនតាមរយៈ ការបង្កើនប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយសក្ដានុពល និងភាពបើកចំហររបស់កម្ពុជាក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្តលើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។ ជាពិសេស ច្បាប់វិនិយោគថ្មីនេះ ក៏បានបង្កភាពងាយស្រួលជូនវិនិយោគិនច្រើនជាងមុន ដោយបានកាត់បន្ថយពេលវេលាក្នុងការអនុម័តគម្រោងវិនិយោគឱ្យមកនៅត្រឹមតែ ២០ថ្ងៃនៃថ្ងៃធ្វើការ។

ជាការត្រៀមខ្លួនសម្រាប់បម្រែបម្រួលនៃបរិបទសកល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តឱ្យបានជោគជ័យនូវវិធានការដែលបានដាក់ចេញក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) និងគោលនយោបាយផ្សេងៗទៀតដែលក.អ.ក បានចូលរួមសហការតាក់តែងឡើង។ ជាមួយសក្តានុពល និងកាលានុវត្តភាពវិនិយោគដែលរាជរដ្ឋាភិបាលបន្តសម្រេចបានជាបន្តបន្ទាប់ ក.អ.ក ក៏នឹងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់វិនិយោគិនលើអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលបានបង្កើនទំហំទីផ្សារកាន់តែធំសម្រាប់វិនិយោគិន។ ក.អ.កនឹងបន្តផ្សព្វផ្សាយ និងទាក់ទាញវិនិយោគដោយផ្តោតលើប្រទេសគោលដៅ យុទ្ធសាស្រ្តប្រទេសបូក និងឧស្សាហកម្មអាទិភាព។

ដោយការងារវិនិយោគមានភាពប្រទាក់ក្រឡាគ្នាខ្ពស់ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏នឹងបន្តផ្សព្វផ្សាយការសាងសង់ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ កំពង់ផែទឹកជ្រៅ ព្រែកជីកហ្វូណនតេជោ និងផែនការមេស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ជាដើម ដើម្បីចូលរួមចំណែកលើកកម្ពស់ភាពអំណោយផល និងភាពទាក់ទាញវិនិយោគរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើផ្នែកវិនិយោគបានយកចិត្តទុកដាក់ និងមានផែនការច្បាស់លាស់ក្នុងការរៀបចំយន្តការធ្វើបរិវត្តកម្មឌីជីថលដែលស្របតាមអាទិភាពគន្លឹះរបស់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online) ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា សំដៅផ្តល់ភាពងាយស្រួលឱ្យបានកាន់តែច្រើនជាងមុនជូនដល់អ្នកវិនិយោគិន។

ក្រោយពីបានស្តាប់នូវការរាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរួចមក ឯកឧត្តមសន្តិបណ្ឌិត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ និងការរៀបចំកំណែទម្រង់ស្ថាប័ន ដើម្បីទាក់ទាញវិនិយោគិនឱ្យបានកាន់តែច្រើនបន្ថែមទៀត។ បន្ថែមពីនេះផងដែរ ឯកឧត្តមសន្តិបណ្ឌិត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្រោយពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងបង្កើនលទ្ធភាពក្នុងការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនដែលជាប្រយោជន៍សម្រាប់កម្ពុជាទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង