ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាននាពេលកន្លងមក ដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ

24

 

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាននាពេលកន្លងមក បានសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ ក៏ដូចជាប្រឈមនឹងវិបត្តិសកលនានា ព្រមទាំងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើន ប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនេះសម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទ្បើងថា សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាននាពេលកន្លងមក បានសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ ក៏ដូចជាប្រឈមនឹងវិបត្តិសកលនានា ព្រមទាំងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើន ប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល ។ ជាក់ស្តែង តំបន់ជនបទកម្ពុជាបាន និងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យ លើគ្រប់វិស័យ ដោយមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រទាក់ក្រឡាជាសរសៃឈាមនៃសេដ្ឋកិច្ច ជាមួយអត្រាគ្របដណ្តប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ ៨៥% រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ។

សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាបានប្តេជ្ញាចិត្តប្រកបដោយ ឆន្ទៈមោះមុតឥតងាករេ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តថែរក្សាសុខសន្តិភាព និងអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោកមានការប្រែប្រួល និងមានភាពមិនប្រាកដប្រជាក៏ដោយ ។ ដោយមើលឃើញពីភាពចាំបាច់នេះ ទាំងកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាបានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ តាមរយៈ ៖ ទី១. ការបន្តកែលម្អលក្ខ ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ, ទី២. បន្តជំរុញការលើកកម្ពស់ ជីវភាពប្រជាជននៅជនបទតាមរយៈ ការពង្រីកវិសាលភាពនៃការអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ, ទី៣. បន្តជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យ តាមរយៈ ការបង្កើត និងពង្រីកមុខរបរ ក៏ដូចជាបង្កើនប្រាក់ចំណូលបន្ថែម, និងទី៤. បន្តអភិវឌ្ឍជនជាតិដើមភាគតិច ឱ្យមានភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ចំពោះលទ្ធផលធំៗ ដែលក្រសួងសម្រេច បានក្នុងឆ្នាំ ២០២៣ ជាមួយនឹងកិច្ចសហការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, អង្គការជាតិ-អន្តរជាតិ, វិស័យឯកជន និង ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅទូទាំងប្រទេស ៕

 

អត្ថបទដែលជាប់ទាក់ទង