ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតី វៀតណាម លោក Vo Van Thuong ប្រកាសលាលែងពីតំណែង

90

បរទេស៖ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃពុធនេះបានឯកភាពអនុញ្ញាតឲ្យលោកប្រធានាធិបតី Vo Van Thuong លាលែងពីមុខតំណែងទាំងអស់តាមការស្នើសុំផ្ទាល់ខ្លួនរបស់លោក ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃទី២០ ខែមីនានេះ ។

ក្រោយពីបានគ្រងតំណែងនេះជាង១ឆ្នាំ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានសម្រេចលាលែងពីតំណែង ក្រោយពីបានបំពេញការងារជាងមួយឆ្នាំក្នុងនាមជាមេដឹកនាំវៀតណាម នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅរសៀលថ្ងៃពុធនេះដោយបក្សកុម្មុយនិស្តវៀតណាម។

ការលាលែងពីតំណែងរបស់លោក Thuong នេះបានធ្វើឡើង នៅចំពេលដែលមានយុទ្ធនាការខ្លាំងក្លាប្រឆាំងនឹងអំពើពុករលួយដែលបានបង្ក្រាបលើមន្ត្រីជាន់ខ្ពស់បំផុតមួយចំនួននៃគណបក្សកុម្មុយនីស្តវៀតណាម។

លោក Thuong អាយុ ៥៤ ឆ្នាំ បានក្លាយជាប្រធានាធិបតីកាលពីខែមីនា ឆ្នាំ ២០២៣ ក្នុងពេលពីរខែក្រោយបន្ទាប់ពីលោកប្រធានាធិបតី Nguyen Xuan Phuc បានលាលែងពីតំណែងដើម្បីបំពេញ «ការទទួលខុសត្រូវផ្នែកនយោបាយ» សម្រាប់រឿងអាស្រូវពុករលួយក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។ លោក Thuong គឺជាប្រធានាធិបតីក្មេងជាងគេបំផុតតាំងពីពេលដែលប្រទេសវៀតណាមសម័យទំនើបបានងើបឡើងពីសង្គ្រាមនៅពាក់កណ្ដាលទសវត្សរ៍ ១៩៧០ មក។

តំណែងជាប្រធានាធិបតីនៅវៀតណាមគឺភាគច្រើនជានិមិត្តរូបនិងស្ថិតនៅលំដាប់ថ្នាក់ទីបីនៅក្នុងឋានានុក្រមនយោបាយរបស់ប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង