ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមភេរវករ ISISចេញមុខទទួលស្គាល់ពីការបាញ់ប្រហារ សម្លាប់មនុស្សជាង៦០នាក់ និងជាច្រើននាក់ទៀតរងរបួស នៅជាយទីក្រុងមូស្គូ

82

មូស្គូ៖ អាជ្ញាធររុស្ស៉ីបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុស្សជាង៦០នាក់ បានបាត់បង់ជីវិត និងយ៉ាងហោច១៤៥នាក់ទៀតបានរងរបួស កាលពីយប់ថ្ងៃសុក្រ នៅពេលក្រុមខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់ប្រហារ ក្នុងសាលប្រគំតន្រ្តីមួយកន្លែង នៅជាយទីក្រុងមូស្គូរបស់​ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។

ខ្មាន់កាំភ្លើងមួយក្រុមបានចាប់ផ្តើមបាញ់ប្រហារលើជនស៉ីវិល នៅឯមជ្ឈមណ្ឌល Crocus City Hall មុនពេលក្រុមតន្រ្តីរ៉ក់សម័យសូវៀត Picnic ត្រៀមនឹងធ្វើការសម្តែង នៅក្នុងសាលដែលអាចផ្ទុកអ្នកទស្សនាបានសរុប៦,២០០នាក់។ អគារមជ្ឈមណ្ឌលនោះ ស្ថិតនៅជាយ​ភាគខាងលិចនៃរដ្ឋធានីមូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង។ អាជ្ញាធររុស្ស៉ីបាននិយាយថា គិតត្រឹមពេលនេះ មនុស្សយ៉ាងហោចជាង៦០នាក់បានបាត់បង់ជីវិត និងយ៉ាងហោចណាស់​១៤៥នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ភេរវកម្មនេះ។ ក្រុមភេរវករ ISIS ដែលធ្លាប់គ្រប់គ្រងទឹកដីមួយភាគធំ នៅក្នុងប្រទេសអ៉ីរ៉ាក់និងស៉ីរី បានចេញមុខអះអាងថា ការបាញ់ប្រហារនោះគឺជាសកម្មភាពក្រុមអ្នកប្រយុទ្ធរបស់ខ្លួន។

គួរបញ្ជាក់ថា ករណីខាងលើគឺជាករណីវាយប្រហារដ៏អាក្រក់បំផុតមួយ នៅប្រទេសរុស្ស៉ី គិតចាប់តាំងពីករណីភេរវកម្មឆ្នាំ២០០៤ នៅពេល​ក្រុមសកម្មប្រយុទ្ធ បានចាប់មនុស្សជាង១,០០០នាក់ ធ្វើជាចំណាប់ខ្មាំងនៅសាលារៀនមួយកន្លែង ក្នុងក្រុង Beslan ហើយហេតុការណ៍នោះបានបញ្ចប់ទៅ ដោយមានមនុស្សជាង៣០០នាក់ស្លាប់។ បើតាមអាជ្ញាធររុស្ស៉ី តួលេខអ្នកស្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ ទំនងជានឹងកើនឡើង​ថែមទៀត។

កាលពី២សប្តាហ៍មុន ស្ថានទូតអាមេរិកនៅប្រទេសរុស្ស៉ី ទើបតែបានព្រមានថា ក្រុមជ្រុលនិយមមានផែនការ វាយប្រហារនៅទីក្រុងមូស្គូ ហើយក៏បានព្រមានរដ្ឋាភិបាលរុស្ស៉ីផងដែរ។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលទើបតែជាប់ឆ្នោតអាណត្តិថ្មី បានកែប្រែស្ថានភាពសង្រ្គាមស៉ីវិលនៅប្រទេសស៉ីរី តាមរយៈការចូលធ្វើ​អន្តរាគមន៍កាលពីឆ្នាំ២០១៥ ដោយផ្តល់ការគាំទ្រដល់ប្រធានាធិបតីស៉ីរី លោក Bashar al-Assad ប្រឆាំងក្រុមឧទ្ទាមនិងក្រុម ISIS៕

អត្ថបទដែលជាប់ទាក់ទង