ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ បើកសន្និសីទដ៏មានសារៈសំខាន់សម្រាប់តំបន់អាស៊ីក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»

14

 

សាធារណរដ្ឋប្រជាមានិតចិន, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ខែមីនា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមក្នុងវេទិកាបូសអាវនៅសាធារណរដ្ឋប្រជាមានិតចិន។

ពិធីបើកវេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាជាច្រើនរូប។ ក្នុងពិធីបើកសន្និសីទដ៏មានសារៈសំខាន់សម្រាប់តំបន់អាស៊ីក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានទទួលស្គាល់ថាជាវេទិកា ប្រកបដោយឥទ្ធិពលមួយ សម្រាប់ការរៀបចំរបៀបវារៈ ថ្នាក់តំបន់និងសាកលលោក ដែលបានពាំនាំនៅសំឡេង និងបញ្ញាញៀនរបស់ អាស៊ី ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏លំបាក នានា ក្នុងកិច្ចខិតខំប្រឹងប្រែង កសាងពិភពលោកមួយ ដែលមានសន្តិភាព និងឈានទៅរកភាពកាន់តែប្រសើរ សម្រាប់ទាំងអស់គ្នា។

សម្ដេចតេជោសូមអបអរសាទរចំពោះខួប លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាការបញ្ចប់ប្រកបដោយជោគជ័យនៃ មហាសន្និបាតទាំងពីរ ពោលគឺសម័យប្រជុំពេញអង្គ ប្រចាំឆ្នាំ សភាជាតិ ប្រជាជន និងសន្និសីទ ប្រឹក្សាយោបល់ នយោបាយប្រជាជនចិន ដែលបានកំណត់វិធានការសំខាន់ៗ ដើម្បីជំរុញទំនើបប្រកាន់ប្រទេស ចិន ផ្អែកលើបរិបទ និងចរិតលក្ខណៈរបស់ចិន ។ ការសង្កត់ធ្ងន់លើនវានុវត្តន៍បច្ចេកវិទ្យា និងឧស្សាហកម្ម ជាពិសេសតាមរយៈការអភិវឌ្ឍន៍ នៃកម្លាំងផលិតភាពថ្មី ក៏ដូចជាការផ្ដល់សារៈសំខាន់លើបរិបទ និងនិរន្តរភាព គឺសុទ្ធតែបានបង្ហាញ ថាចិនព្យាយាមផ្ដោតសំខាន់លើកត្តាគុណភាព ជាងការសម្រេចកំណើនដាច់ខាត។

សម្ដេចបានមានប្រសាសន៍បន្តទៀតថា សម្រាប់តំបន់ និងពិភពលោក យើងមានសេចក្តីរីករាយនៅពេលមានចិនបន្តអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកចំហ និងបង្ហាញការផ្ដាជ្ញាយ៉ាងមុតមាំ ក្នុងការកសាងសហគមន៍ ជោគវាសនារួម សម្រាប់មនុស្សជាតិ តាមរយៈការលើកម្ពស់សាកលភាវូបនីយកម្ម ដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍ រួមសម្រាប់ទាំងអស់គ្នា។ បច្ចុប្បន្ននេះតំបន់ជាច្រើន នៃពិភពលោកមិនទាន់បានធូរស្បើយពីសង្គ្រាម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើង ទៅលើជនស្លូតត្រង់ ក៏ដូចជាលើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនោះទេ។ សង្គ្រាមនៅអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៣ ហើយជាអកុសល យើងមិនទាន់បានឃើញពន្លឺនៃ សន្តិភាពនោះឡើយ។ ឯសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏នៅបន្តឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ សម្ដេចពិតជាមានសេចក្តីរីករាយ ចំពោះសកម្មភាពសម្រុះសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ដោយសម្ដេចជឿជាក់ថាសកម្មភាពបែបនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់តួអង្គដែលមានការទទួលខុសត្រូវ ផ្សេងទៀត នៃសហគមន៍អន្តរជាតិ ក្នុងការពន្លឿនការចរចា និងឈានទៅសម្រេចបទឈប់បាញ់ នៅអ៊ុយក្រែន ក៏ដូចជាតំបន់ផ្សេងទៀត នៃពិភពលោក ដែលត្រូវបំភ្លេចបំផ្លាញដោយសង្គ្រាមនោះ។

សម្ដេចតេជោបានបន្តទៀតថា ការបន្តទទួលខុសត្រូវរបស់យើងទាំងអស់គ្នា នៅក្នុងតំបន់អាស៊ី គឺការរក្សាស្ថេរភាពនិងសន្តិភាព នៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ និងមិនវិលត្រឡប់ថយក្រោយ និងការធានាជំរុញឲ្យ កាន់តែប្រសើរឡើងនូវការអភិវឌ្ឍន៍ អនាគតដើម្បី វិបុលភាពរួមគ្នា ។ អាស៊ីបានបន្តអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយបានដើរតួនាទីជាក្បាលម៉ាស៊ីនដឹកនាំ កំណើនជាពិសេស ក្នុងអំឡុងពេលដល់លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់ចំណុចខ្សោយ ធៀបជាមួយក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ ។

សម្ដេចមានប្រសាសន៍បន្តទៀតថា ចុងក្រោយកំណើនសេដ្ឋកិច្ចរឹងមាំរបស់អាស៊ី និងឋានៈជាមជ្ឈមណ្ឌល ផលិតកម្ម និងពាណិជ្ជកម្មរបស់ពិភពលោក បានផ្ដល់ឲ្យអាស៊ីនូវតួនាទីសកល ដ៏សំខាន់ ទោះបីជាពិភពលោកមានកំណើនទាប នឹងត្រូវប្រឈមដោយការសើរើ រចនាសម្ព័ន្ធខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នាពេលថ្មីៗនេះ ក៏សេដ្ឋកិច្ចអាស៊ី នៅរំពឹងថានឹងអាច រួមចំណែកដល់ 60% នៃកំណើន ផលិតផលក្នុងស្រុកសរុប ជាក់ស្ដែងរបស់ពិភពលោក នៅក្នុងឆ្នាំខាងមុខនេះ។ ក្នុងន័យនេះ តំបន់របស់យើងមានភាពចាំបាច់ ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាឲ្យបាននូវសន្ទុះវិជ្ជមាន សកម្មភាពរបស់យើងត្រូវតែដឹកនាំសកម្មភាពពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ដែលបម្រើឲ្យយើងទាំងអស់គ្នា មិនមែនសម្រាប់ក្រុមប្រទេសណាមួយនោះទេ។ សម្ដេចតេជោ ក៏បានជូនពរឲ្យវេទិកានេះទទួលបាននូវភាពជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់ពិភពលោកទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង