ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរសូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

21

 

ភ្នំពេញ ៖ នាឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយក្ដីសោមនស្សរីករាយ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះគំរូ វីរភាពដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊្វុន សែន ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជន នៅគ្រប់ដំណាក់កាលទាំងអស់ ហើយក្នុងតួនាទីថ្មីដែលសម្តេចត្រូវដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សម្ដេចតេជោ ហ៊ុន សែន នឹងបន្តរក្សាបាននូវ “សន្តិភាព និងស្ថិរភាពនយោបាយ” ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់បំផុត ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ប្រកបដោយភាពប្រាកដនិយមខ្ពស់។
ក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ព្រះនាម “មហោទរាទេវី” សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី បុត្រប្រសារ និងចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកប ដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង