ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ញាក់សាច់ហើយប្រទេសចិន បញ្ជូនយន្ដហោះចម្បាំង ២១គ្រឿង ហោះក្រវែលជុំវិញកោះតៃវ៉ាន់

36

ក្រុងតៃប៉ិ៖ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍ ទី២០ ខែមេសានេះ បានឱ្យដឹងថាយន្ដហោះចម្បាំងរបស់ចិន ២១គ្រឿង ត្រូវបានប្រទះឃើញហោះក្រវែលជុំវិញដែនកោះ របស់ខ្លួន ខណៈសល់តែមួយខែទៀត លោក Lai Ching-te នឹងត្រូវស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅថ្ងៃទី២០ ខែឧសភា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍រួម ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថាយន្ដហោះចម្បាំង១៧គ្រឿង ក្នុងចំណោម២១គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃ ច្រកសមុទ្រតៃវ៉ាន់ និងបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ នៅភាគខាងជើង ភាគកណ្ដាល និងភាគនិរតី ដើម្បីចូលរួមជាមួយ នាវាចម្បាំងចិនជាច្រើនគ្រឿងក្នុងការធ្វើប្រតិបត្តិការល្បាត។ ក្រសួងការពារជាតិតៃវ៉ាន់បន្ថែមទៀតថាក្នុងចំណោមយន្ដហោះដែលត្រូវបានប្រទះឃើញក្បែរកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះរួមមានយន្ដហោះចម្បាំង J-16 និងយន្ដហោះដឹកជញ្ជូនរយៈចម្ងាយមធ្យម Y-8។

គួរបញ្ជាក់ថា កំណត់ត្រាចំនួនយន្ដហោះចម្បាំងចិនធ្វើសកម្មភាពនៅក្បែរកោះតៃវ៉ាន់ច្រើនបំផុតនៅក្នុងឆ្នាំ២០២៤នេះ គឺកាលពីខែមីនាកន្លងទៅជាពេលដែល យន្ដហោះចម្បាំងចិន ៣៦គ្រឿងត្រូវបានប្រទះឃើញក្បែរកោះតៃវ៉ាន់ក្នុងរយៈពេល២៤ម៉ោង។ ចំណែក កំណត់ត្រាខ្ពស់បំផុតគឺកាលពីខែកញ្ញា ឆ្នាំមុនដែលចិនបានបញ្ជូន យន្ដហោះចម្បាំង១០៣គ្រឿង ធ្វើសកម្មភាពក្បែរកោះតៃវ៉ា ន់ និងក្នុងនោះមាន៤០គ្រឿងហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ នៅពេលនោះ៕

អត្ថបទដែលជាប់ទាក់ទង