ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីព្រមានថា ការពង្រីកសង្គ្រាមកូនកាត់របស់ អាមេរិកប្រឆាំងនឹងខ្លួន នឹងបញ្ចប់ដោយភាពអាម៉ាស់ដូចសង្គ្រាមនៅវៀតណាម

32

ទីក្រុងមូស្គូ៖រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មេសា) ថា ការអនុម័តរបស់សភាអាមេរិកនូវកញ្ចប់ថវិកាបន្ថែម ចំនួន ៦០.៨៤ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន បានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងឈានចូលកាន់តែជ្រៅទៅក្នុងសង្រ្គាមកូនកាត់ជាមួយរុស្ស៊ី ហើយវានឹងបញ្ចប់ដោយភាពអាម៉ាស់ ដូចសង្គ្រាមនៅវៀតណាម ឬអាហ្វហ្គានីស្ថាន។
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
យោងតាមអ្នកការទូតរុស្ស៊ី និងអាមេរិកបានឱ្យដឹងថា ការឈ្លានពានទាំងស្រុងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ បានបង្កឱ្យមានវិបត្តិដ៏អាក្រក់បំផុតនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ មក។
គួរបញ្ជាក់ថា៖កាលពីថ្ងៃសៅរ៍ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់នីតិប្បញ្ញត្តិចំនួន ៩៥ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ជាមួយនឹងការគាំទ្រទ្វេភាគីយ៉ាងទូលំទូលាយ បើទោះបីជាមានការជំទាស់យ៉ាងជូរចត់ពីគណបក្សសាធារណរដ្ឋមួយចំនួនក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា «វាច្បាស់ណាស់ថាសហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែន បន្តការប្រយុទ្ធដោយមិនឈប់ឈរ បើទោះបីត្រូវបើកការវាយប្រហារលើទឹកដី និងជនស៊ីវិលរុស្ស៉ីក៏ដោយ»។
លោកស្រីបានសង្កត់ធ្ងន់ថា «ការជ្រមុជរបស់ទីក្រុងវ៉ាស៊ីនតោនកាន់តែជ្រៅទៅក្នុងសង្រ្គាមកូនកាត់ ប្រឆាំងនឹងរុស្ស៊ី នឹងប្រែទៅជាការបរាជ័យដ៏ធំធេង និងគួរឱ្យអាម៉ាស់សម្រាប់សហរដ្ឋអាមេរិក ដូចជានៅវៀតណាម និងអាហ្វហ្គានីស្ថានជាដើម»។
គួរជម្របថា មេដឹកនាំលោកខាងលិច និងអ៊ុយក្រែន បានចាត់ទុកសង្រ្គាមនៅអ៊ុយក្រែនថាជាសង្គ្រាមដណ្តើមយកទឹកដីបែបចក្រភព ដោយលើកឡើងថា រុស្ស៊ីគឺជាប្រទេសគំរាមកំហែងមួយ ក្នុងចំណោមប្រទេសទាំងពីរ ដែលគំរាមកំហែងដល់ស្ថិរភាពពិភពលោក រួមជាមួយនឹងប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ លោក ពូទីន មើលឃើញថា សង្រ្គាមនេះជាផ្នែកមួយ នៃការតស៊ូដ៏ធំប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលលោកនិយាយថា មិនបានអើពើផលប្រយោជន៍របស់ទីក្រុងមូស្គូ និងបានឃុបឃិតចង់បំបែកប្រទេសរុស្ស៊ី និងដណ្តើមយកធនធានធម្មជាតិរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង