ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រីស្តីពី ការប្រើប្រាស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក នៃ UNESCAP

25

ក្រុងបាងកក៖ តំណាង រាជរដ្ឋាភិបាល កម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានដឹកនាំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រី ស្តីពី “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិឌ្ឍ ប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក” នៃ សន្និបាត ប្រចាំ ឆ្នាំ លេីក ទី៨០ នៃ គណ:កម្មការ សេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់ តំបន់ អាស៊ី និង ប៉ាស៊ីហ្វិក នៃ អង្គការសហប្រជាជាតិ UNESCAP ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤នៅទីក្រុងបាងកក ប្រទេសថៃ ។
កិច្ចប្រជុំនេះ បានផ្តោតជាពិសេសលើសក្តានុពលនៃនវានុវត្តន៍ឌីជីថលក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះក៏មានការចូលរួមថ្លែងការណ៍របស់រដ្ឋសមាជិកនានា អំពីយុទ្ធសាស្ត្រក្នុងការជំរុញ និងគាំទ្រការអភិវឌ្ឍ និងការពង្រីកនវានុវត្តន៍ឌីជីថល ផងដែរ ។
កិច្ចប្រជុំ បានផ្តល់នូវក្របខណ្ឌដែលអាចផ្សារភ្ជាប់គ្នារវាងនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកប ដោយ ចីរភាព ដេីម្បី កំណត់បាននូវសកម្មភាពអាទិភាពក្នុងការជំរុញ និងប្រើប្រាស់នវានុវត្តន៍ឌីជីថល។ ជាមួយ គ្នានេះ កិច្ចប្រជុំ ក៏បានផ្តល់អនុសាសន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាថានវានុវត្តន៍ឌីជីថលអាចចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង