ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសថៃ គ្រោង នឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភាជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ

30

ក្រុងបាងកក៖រដ្ឋាភិបាលថៃបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅខែមិថុនា ដែលជាការបោះឆ្នោតព្រឹទ្ធសភាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារយោធាមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីថៃ លោក Srita Thavisin បានគាំទ្រផែនការសម្រាប់ដំណើរការបោះឆ្នោតពហុដំណាក់កាលដ៏ស្មុគស្មាញនេះ។ លើសពីនេះ គណៈរដ្ឋមន្ត្រីក៏បានយល់ព្រមធ្វើប្រជាមតិ ដើម្បីសួរប្រជាជនថៃថាតើពួកគេនឹងគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលត្រូវបានគូរឡើងដោយរបបយោធា ដែលកាន់អំណាចាកាលពីឆ្នាំ ២០១៧ ដែរឬទេ។
ព្រឹទ្ធសភាបច្ចុប្បន្ន ដែលមានសមាជិកចំនួន ២៥០រូប ដែលត្រូវបានតែងតាំងដោយរបបយោធា ដែលបានកាន់អំណាចក្នុងឆ្នាំ ២០១៤ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លទ្ធផល នៃការបោះឆ្នោតសកលកាលពីឆ្នាំមុន។
គណបក្ស Move Forward (MFP) បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងសភា ប៉ុន្តែមេដឹកនាំរបស់ខ្លួនគឺ លោក Pita Limjaroenrat ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែគាត់មិនបានប្រមូលការគាំទ្រគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភា។ អាស្រ័យហេតុនេះ លោក Srita មកពីគណបក្សភឿថៃដែលទទួលបានអាសនៈច្រើនជាងគេទីពីរ បានបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សដែលមានទំនាក់ទំនងជាមួយយោធា។
នៅក្នុងដំណើរការនេះ សមាសភាពនៃសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) នឹងត្រូវបានសម្រួលមកត្រឹមចំនួន ២០០រូប ដែលនឹងត្រូវបានជ្រើសរើសពីក្រុមតំណាង ២០ វិស័យផ្សេងៗនៃសង្គម ដូចជា យុត្តិធម៌ ការអប់រំ សុខភាពសាធារណៈ ឧស្សាហកម្ម សិល្បៈ កីឡា មនុស្សចាស់ និងជនជាតិភាគតិចជាដើម។
ទោះយ៉ាងណាក៏ដោយ មានតែបេក្ខជនប្រជែងតំណែងសមាជិកព្រឹទ្ធសភាប៉ុណ្ណោះ ទើបមានសិទ្ធិចូលរួមក្នុងដំណើរការបោះឆ្នោតដែលនឹងធ្វើឡើងចំនួនបីជុំ គឺនៅថ្ងៃទី ៩ ខែមិថុនា ថ្ងៃទី ១៦ ខែមិថុនា និងថ្ងៃទី ២៦ ខែមិថុនា។
អ្នករិះគន់អះអាងថា វិធីសាស្ត្រនេះខ្វះគោលការណ៍ប្រជាធិបតេយ្យ ហើយធ្វើឱ្យដំណើរការស្មុគស្មាញដោយមិនចាំបាច់។ អ្នកនាំពាក្យរបស់គណៈបក្ស Move Forward លោក Parit Wacharasindhu បានថ្លែងប្រាប់ទីភ្នាក់ងារ AFP ថា «នេះមិនមែនជាការបោះឆ្នោតទេ ពីព្រោះសមាជិកព្រឹទ្ធសភា មិនបានមកដោយផ្ទាល់ពីសាធារណជនទេ»។
លទ្ធផល បោះឆ្នោត ត្រូវ បាន គេ រំពឹង ថា នឹង ត្រូវ ប្រកាស នៅ ថ្ងៃ ទី ២ ខែ កក្កដា៕

អត្ថបទដែលជាប់ទាក់ទង