ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមលី ធុជ ទទួលជួបក្រៅផ្លូវការជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ ប្រទេសហ្វីជី ដើម្បីស្នើសុំឱ្យកោះម៉ាសាល់ ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

133

ក្រុងបាងកក៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានទទួលជួបក្រៅផ្លូវការជាមួយ ឯកឧត្តម Junior Aini ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋកោះម៉ាសាល់ ប្រចាំប្រទេសហ្វីជី ដើម្បីស្នើសុំឱ្យកោះម៉ាសាល់ ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នៅរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុង បាងកក ប្រទេសថៃ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជំនួបក្រៅផ្លូវការ ជាមួយ ឯកឧត្តម Junior Aini បែបនេះខណៈ ឯកឧត្ដម បានដឹកនាំគណៈប្រតិភូចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) នៅប្រទេសថៃ ។
ក្នុងជំនួបក្រៅផ្លូវការនេះ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានស្នើសុំឱ្យប្រទេសដីកោះម៉ាសាល់ ពិនិត្យលទ្ធភាព និងពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធានអនុសញ្ញាឆ្នាំ២០២៤។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានអញ្ជើញគណៈប្រតិភូនៃកោះម៉ាសាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ ។
ជាការឆ្លើយតប ឯកឧត្តម Junior Aini នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរាជរដ្ឋាភិបាលកោះម៉ាសាល់ ដើម្បីពិនិត្យ និងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង