ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាលើការងារកំណែទម្រង់វិមជ្ឈការព្រមទាំងគម្រោងបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃ

32
  • ភ្នំពេញ៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្ររាជ រដ្ឋាភិបាលកម្ពុជា លើការងារកំណែទម្រង់វិមជ្ឈការ ព្រមទាំងគម្រោងបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃជាបន្តទៅទៀត។ នេះជាការសន្យារបស់ឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីសនាជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នៅទីក្រុងប៊េន ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចផ្លូវការ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅស្វីស ។
    បើតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា សំណើចំនួន៣ចំណុច ដែលស្នើឡើងដោយឯកឧត្តមអភិសន្តិបណ្ឌិត គឺទទួលបានការឯកភាពគាំទ្រពីភាគីស្វីសរួមមាន៖ ទី១- ការគាំទ្រដំណើរការកែទម្រង់វិមជ្ឈការនៅកម្ពុជា ព្រមទាំងជំនួយបច្ចេកទេសនានាដែលជាតម្រូវការចាំបាច់, ទី២- ការគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្ត្រីនគរបាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ និងសន្តិសុខតាមប្រព័ន្ធអុីនធឺណេត និងទី៣- ការគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីនៅតាមស្ថាប័នថ្នាក់ក្រោមជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
    ឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូកម្ពុជា និងបានចូលរួមអបអរសាទរឯកឧត្តមអភិសន្តិបណ្ឌិតដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសង្ឃឹម និងជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិតនឹងដឹកនាំក្រសួងមហាផ្ទៃប្រកបដោយជោគជ័យ។
    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនស្វីស ដែលបានផ្ដល់ការគាំទ្រជាច្រើនវិស័យមកដល់ប្រទេសកម្ពុជា រួមទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពង្រឹងគណនេយ្យភាពសង្គម។
    ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទាំងនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺ ដើម្បីដកស្រង់បទពិសោធន៍បន្ថែមទៀតលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕
    ដោយ៖ សំរិត
អត្ថបទដែលជាប់ទាក់ទង