ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ នឹងទទួលបានការធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលមានទំហំ៣០លានដុល្លារ

33

 ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា CGCC និងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ បានចុះអនុស្សរណៈនៃការយោគយល់គ្នាសំដៅដល់ការបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មស្រូវ-អង្កររបស់កម្ពុជា ដើម្បីជំរុញការនាំ ចេញ អង្កររបស់កម្ពុជា ស្របតាមគោលនយោបាយអាទិភាពលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។    

   នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើ  “អនុស្សរណៈនៃការយោគយល់គ្នារវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសហព័ន្ធស្រូវអង្ករកម្ពុជា និងកិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្កររវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម”។

       បន្ទាប់ពីទទួលបានការឯកភាពពីរដ្ឋម​​ន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការគម្រោង REGS ដែលជាគម្រោងធានាឥណទានជាកញ្ចប់មានទំហំសរុប ៣០លានដុល្លារ សម្រាប់ជំហានទី១ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ចូលរួមអនុវត្តគម្រោង REGS នេះ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជក្រៅប្រទេស នៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា, និងធនាគារវីង (ខេមបូឌា)។

     លោក រស់ សីលវ៉ា មានប្រសាសន៍ឱ្យដឹងថា ការដាក់ចេញនូវគម្រោង REGS ដែលមានទំហំ ៣០លានដុល្លារនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញការផលិត និងនាំចេញអង្ករកម្ពុជា តាមរយៈយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាលដែលមាន CGCC ជាប្រតិបត្តិករ ដោយផ្តល់ការធានារហូតដល់ ៨០% លើកម្ចីអតិបរមារហូតដល់ ៣លានដុល្លារ។ គម្រោង REGS នេះនឹងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ សម្រាប់ការផលិតអង្ករនាំចេញ ដើម្បីគាំទ្រដល់គោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។

      លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា ពិធីចុះហត្ថលេខានាថ្ងៃនេះ គឺជានិមិត្តរូបថ្មីបន្ថែមទៀត នៃដំណើរការត្រៀមខ្លួនលើកកម្ពស់វិស័យស្រូវអង្ករឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងឯកជន និងឯកជន ជាមួយរាជរដ្ឋាភិបាល។

     កញ្ចប់ធានាឥណទានលើវិស័យស្រូវអង្ករដំណាក់កាលទីមួយនាពេលនេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវពង្រីកវិសាលភាពរបស់ខ្លួនក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពីអនុផលនៃការកិនស្រូវទាំងអស់ដល់វិស័យផ្សេងទៀតដូចជាវិស័យវារីវប្បកម្ម ការចិញ្ចឹមសត្វ។ល។

      លោកបានលើកឡើងថា៖ “កញ្ចប់ធានានេះក៏ជាកត្តាលីករបន្ថែមទៀត នៃការចូលរួមលើការអនុវត្តនូវគោលនយោបាយផលិតកម្មស្រូវ និងការជំរុញការនាំចេញឱ្យបាន១លានតោនក្នុងមួយឆ្នាំ ដែលបានដាក់ចេញដោយ   រាជរដ្ឋាភិបាល ហើយយើងជឿជាក់ថា ផែនការនេះ នឹងសម្រេចបាននៅក្នុងឆ្នាំ ២០២៥ដ៏ខ្លីខាងមុខ។”

      លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងថា CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានថ្មី ដែលជាគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលមានទំហំ៣០លានដុល្លារ ដើម្បីគាំទ្រជាទុនបង្វិល សម្រាប់រោងម៉ាស៊ីនកិនស្រូវ ក្នុងការកិនកែច្នៃស្រូវសម្រាប់ការនាំចេញអង្ករ។ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ស្ថាប័ន បានប្តេជ្ញាចិត្តក្នុងការផ្តល់កម្ចីដែលមានការធានាពី CGCC សម្រាប់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនសមត្ថភាពក្នុងការនាំចេញអង្ករ។

     លោកបានបញ្ជាក់ថា៖ “គម្រោងនេះផ្តល់ជូននូវលក្ខខណ្ឌពិសេស ដូចជាកម្រៃធានាឥណទានទាប វិសាលភាពនៃការធានាខ្ពស់ និងអត្រាការប្រាក់មិនលើសពី១១%។ យើងគាំទ្រនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។ នេះគឺជាជំហានទីមួយនៃគម្រោង ដោយយើងនឹងស្នើបង្កើនទំហំគម្រោង ប្រសិនបើមានតម្រូវការខ្ពស់សម្រាប់ការធានាឥណទាន។”

      គួរបញ្ជាក់ថា គម្រោង REGS របស់ CGCC ត្រូវបានដាក់ឱ្យដំណើរការដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង