ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមលី ធុជ ទទួលជួប ទីប្រឹក្សាផ្នែកច្បាប់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិICRC ដើម្បីបន្ដកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

35

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប លោក Fahad Ahmed ទីប្រឹក្សាផ្នែកច្បាប់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរ ជាតិ (ICRC) ពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងបន្ដកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជា ។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីនកម្ពុជា ។

    ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំ ដែលសមិទ្ធផលទាំងនេះ គឺជាភាពជោគជ័យរបស់កម្ពុជា ក្នុងការផ្តល់នូវដីប្រកបដោយសុវត្ថិភាពសម្រាប់ការបង្កបង្កើនផល និងគាំទ្រដល់ការអភវិឌ្ឍប្រទេសជាតិ ជាពិសេសបានកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យស្ថិតក្នុងកម្រិតអប្បបរមា ទាបបំផុត ។

     ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងអំពីអាណត្តិរបស់អាជ្ញាធរមីនក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងការផ្តល់កិច្ចសហការ និងសម្របសម្រួលក្នុងការផ្តល់សេវានានាដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។ តាងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់ ICRC ក្នុងកំឡុងពេលកម្ពុជាជួបនូវវិបត្តិសង្រ្គាម និងវិបត្តិមនុស្សធម៌ ហើយ ICRC គឺជាមិត្តភ័ក្តិពិតប្រាកដរបស់កម្ពុជា។

    ក្នុងនាមតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ  បានអរគុណដល់ ICRC ដែលបានចូលរួមជួយកម្ពុជា ក្នុងកំឡុងពេលមានសង្រ្គាម ជួយដល់ជនភៀសខ្លួន និងជួយដល់សកម្មភាពមីនមនុស្សធម៌កម្ពុជា ព្រមទាំងបានបណ្តុះបណ្តាលនូវជំនាញដល់កម្ពុជាក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងជួយកសាងនូវមជ្ឈមណ្ឌលស្តារកាយសម្បទាជាដើម។ ជាងនេះទៅទៀត ក្នុងភាពជាប្រធាននៃ អនុសញ្ញាអូតាវ៉ារបស់កម្ពុជាICRC បានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរយ៉ាងជិតស្និទជាមួយកម្ពុជា ផងដែរ។

       លោក Fahad Ahmed បានកោតសរសើរភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នេះ។

       លោក Fahad Ahmed ក៏បានបញ្ជាក់ថា ICRC នឹងបន្តពិភាក្សា និងធ្វើការជាមួយកម្ពុជាដល់ដំណើររៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤  ៕ ដោយ . សំរិត

អត្ថបទដែលជាប់ទាក់ទង