ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរ! រាជធានីភ្នំពេញ បានក្លាយជាអនុប្រធានការិយាល័យអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF

76

ប្រទេសស្វីស៖ ឯកឧត្ដមនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមនៅក្នុងសន្និបាតលើកទី៤៤ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០១ របស់សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (Association Internationale des Maires Francophones ហៅកាត់ថា AIMF) ដែលបានប្រារព្ធធ្វើនៅទីក្រុងឡូហ្សាណ (Lausanne) ប្រទេសស្វីស ចាប់ពីថ្ងៃ២២-២៤ ខែឧសភា ឆ្នាំ២០២៤។

សន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នាឆ្នាំនេះ បានចាប់ផ្តើមឡើងដោយមានកិច្ចប្រជុំពិភាក្សាចំនួន២ថ្ងៃ នៅលើការងារអភិបាលកិច្ចនានារបស់ទីក្រុង ដោយក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្តល់កិត្តិយសធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ជោគជ័យរបស់រាជធានីភ្នំពេញ ជូនដល់បណ្តាអភិបាលក្រុងជាសមាជិក រួមមាន៖

ទី១៖ គោលនយោបាយអភិវឌ្ឍន៍ទីក្រុងឆ្លាតរបស់រាជធានីភ្នំពេញ
ទី២៖ បទពិសោធន៍អភិបាលកិច្ចក្នុងគម្រោងដែលមានការចូលរួមពីពហុភាគី។

ឯកឧត្ដមនួន ផារ័ត្ន និងគណៈប្រតិភូតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដែលជាសមាជិកការិយាល័យអចិន្ត្រៃយ៍សមាគម AIMF បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០១ និងសន្និបាតលើកទី៤៤ ក្រោមអធិបតីភាពលោកជំទាវ អាន អ៉ីដាល់ហ្គោ (Anne HIDALGO) ប្រធានសមាគម AIMF និងជាអភិបាលរដ្ឋធានីភ្នំពេញប៉ារីស។

ជាលទ្ធផលគួរជាទីមោទនៈសម្រាប់រាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល គឺរាជធានីភ្នំពេញត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យអចិន្ត្រៃយ៍របស់សមាគម AIMFផងដែរ។

ជាមួយគ្នានោះ ខេត្តព្រះសីហនុរបស់កម្ពុជា ក៏ត្រូវបានគាំទ្រឱ្យចូលជាសមាជិកថ្មីរបស់សមាគម ដែលគិតដល់ពេលនេះមានរាជធានី-ខេត្តរបស់កម្ពុជាចំនួន៥រួចមកហើយ បានក្លាយជាសមាជិករបស់សមាគម AIMF រួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពត, ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។

គួររំលឹកថា រាជធានីភ្នំពេញ បានចូលជាសមាជិកសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) កាលពីឆ្នាំ១៩៩០ និងបានក្លាយជាសមាជិកការិយាល័យអចិន្ត្រៃយ៍សមាគម ចាប់តាំងពីឆ្នាំ២០០៣។ ក្នុងនាមជាសមាជិកការិយាល័យ អចិន្ត្រៃយ៍សមាគម រាជធានីភ្នំពេញតែងបានចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពសមាគម។ ក្នុងនោះ កាលពីដើមខែធ្នូ នៅឆ្នាំ២០១៩ រាជធានីភ្នំពេញបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតប្រចាំឆ្នាំលើកទី៣៩ របស់សមាគម AIMF ដែលជាខួប ៤០ ឆ្នាំ នៃការបង្កើតសមាគម។

ជាមួយគ្នានោះ ចាប់តាំងពីដើមឆ្នាំ២០២០មក រដ្ឋបាលរាជធានីភ្នំពេញក៏បានទទួលធ្វើជាការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សមាគម AIMF (Bureau Régional du réseau des villes d’Asie du sud-est de l’AIMF) ដែលមានទីតាំងផ្ទាល់ នៅអគារនៃរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង