ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង កម្ពុជាឥណ្ឌូណេស៊ីឲ្យឈានដល់ ចំណុចរីកចម្រើនថ្មីទៀត

114

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរឲ្យឈានដល់ ចំណុចរីកចម្រើនថ្មីទៀត តាមរយៈការបង្កើន នូវកិច្ចសសហប្រតិបត្តិការ យ៉ាងស្អិតល្មួត នៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី។

នៅរសៀលថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តានឆៃយ៉ា ស៊្រីសុវណ្ណ អគ្គមេបញ្ជាការរងកងទ័ពថៃ រួមមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃបានបន្តជួបពិភាក្សាការងារជាមួយ លោក Sudiman Haseng ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក Sudima Haseng បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីថា លោកពិតជាមានការរីករាយ ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតនៃឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា។ លោក Sudima បានប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរឲ្យឈានដល់ ចំណុចរីកចម្រើនថ្មីទៀត តាមរយៈការបង្កើន នូវកិច្ចសសហប្រតិបត្តិការ យ៉ាងស្អិតល្មួត នៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនេះ គឺជំរុញនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។

លោក Sudima បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោ ដែរថា ពាក់ព័ន្ធទៅនឹងការជំរុញទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ពេលនេះមានក្រុម ហ៊ុនឡាយអ៊ិនអ៊ែរ មានបំណងបើកជើងហោះហើរត្រង់ (Direct flight)មកកាន់ប្រទេសកម្ពុជា។ លោកនឹងខិតខំជួយជំរុញ ឲ្យមានការហោះហើរត្រង់ ឲ្យបានឆាប់រហ័សបំផុត តាមអ្វីដែលអាចធ្វើទៅបាន នៅពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការអបអរសាទរចំពោះ លោក ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មី ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត វិសាមញ និងពេញសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាការពិតណាស់ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា -ឥណ្ឌូណេស៊ី ពិតជាមានភាពល្អប្រសើរខ្លាំងណាស់ ហើយឆ្នាំ២០១៨នេះទៀតសោត គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ក្នុងន័យនេះយើងគប្បីណា ពិនិត្យមើលសកម្មភាពផ្សេងៗ ដើម្បីប្រារព្វខួបរួមគ្នា ក្នុងន័យឆ្លុះបញ្ចាំង នូវទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍ថា ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ គឺមានសារសំខាន់ខ្លាំងណាស់ ដោយសម្តេចតេជោ បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត ពិនិត្យមើលលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃវិស័យទាំងអស់នោះ និងវិស័យផ្សេងៗទៀត ដែលអាចផ្តល់លទ្ធភាពជំរុញ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ពាក់ព័ន្ធនិងការហោះហើរត្រង់ ពីប្រទេសឥណ្ឌូណេស៊ី មកកម្ពុជា សម្តេចស្វាគមន៍ និងចាត់ទុកថាវា គឺជាជ្រុងមួយ នៃការពង្រីកវិសាលភាព នៃទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ឲ្យបានកាន់តែរឹងមាំថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ លោក Sudiman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ នៅក្នុងដំណើរបំពេញភារកិច្ច ការទូតនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង