ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញ ក្នុងមួយថ្ងៃ មានសំរាមជិត៣.០០០តោន ខណៈព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃមានសំរាមជាង៨.០០០តោន

57


ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ បានអះអាងថា នៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃ មានសំរាមសំណល់រឹង ជិត៣.០០០តោន ក្នុងមួយថ្ងៃ ដែលចំនួន៦០ភាគរយ ជាសំរាមសើម ២០ភាគរយជាប្រភេទសំរាមថង់ប្លាស្ទីក និង១០ភាគរយទៀត ជាសំរាមសំណល់រឹង។ ចំណែកឯការកែច្នៃសំរាម មានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ដែលធ្វើអត្រាសំណល់សំរាមរឹង ដែលប្រមូលដឹកទៅចាក់ទីលានចាក់សំរាម ៧០ទៅ៨០ភាគរយ ចំណែកឯនៅសល់យើងទាំងអស់គ្នា តែងតែឃើញវត្តមានសំរាម ជាពិសេសថង់ប្លាស្ទីក នៅតែមានការរាយប៉ាយតាមដងផ្លូវ តាមប្រព័ន្ធប្រឡាយទឹកលូ និងតាមដីឡូត៍។ល។ នៅចំពោះមុខ នៃកំណើនសំរាម គឺយើងទាំងអស់គ្នា ត្រូវចាំបាច់ចូលរួមសំអាតអនាម័យបរិស្ថាន។

ក្នុងឱកាសប្រារព្ធពិធីសំអាតអនាម័យបរិស្ថាន ក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសួនវត្តបទុមវតី លោក សេង គ្រី ប្រធានស្តីទីមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានថ្លែងថា ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុង គោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅ នូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូអំពីការ សំអាតអនាម័យបរិស្ថាន ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាមជាដើម។

លោកប្រធានមន្ទីរស្តីទី បានថ្លែងបន្តថា តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន បញ្ហាបរិស្ថានទាក់ទិនយ៉ាងជិតស្និទ្ធទៅនឹងកំណើនរបស់ប្រជាពលរដ្ឋ កំណើនសកម្មភាពអភិវឌ្ឍន៍ និងការប្រើប្រាស់ធនធានធម្មជាតិ ដែលបង្កឲ្យមានកង្វល់ដល់បរិស្ថានមួយចំនួន ដូចជា កំណើននូវសំណល់រឹង សំរាម ដែលកើនឡើងដោយឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋ ទាំងអ្នកដែលលំនៅដ្ឋានអចិន្រ្តៃយ៍ អ្នកប្រកបរបរ និងអ្នកទេសចរណ៍រួមជាមួយ កំណើនបច្ចេកវិជ្ជា ជីវភាពប្រចាំថ្ងៃ បានធ្វើឲ្យបរិមាណសំរាមមានការកើនឡើង នាបច្ចុប្បន្ននេះ គឺនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃមានបរិមាណសំរាមចំនួន២៧.០០០តោន។ លោកបន្តថា ក្នុងរយៈពេល៣ថ្ងៃនេះព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក សំរាមមានចំនួន៨.៣២១តោន ដោយថ្ងៃទី១ មាន៣.០០០តោន ថ្ងៃទី២ មាន២.៧០០ តោន និងថ្ងៃទី៣ មាន២.៦០០តោន។

លោកបានទទួលស្គាល់ថា “ប្រសិទ្ធភាពនៃកិច្ចគាំបរិស្ថាននៅមានកម្រិត ដោយសារខ្វះធនធានមនុស្ស និងការចូលរួមរបស់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងម្ចាស់ប្រភពបំពុលមួយចំនួន ស្របជាមួយនឹងការអនុវត្តច្បាប់ របស់មន្រ្តីស្ថាប័ន អង្គភាពមួយចំនួននៅមានកម្រិត ហើយដើម្បីឲ្យរាជធានីភ្នំពេញមានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរពាក់ព័ន្ធ រៀបចំយុទ្ធនាការ រួមគ្នាធ្វើបរិស្ថាន ហើយអង្គពិធីថ្ងៃនេះផ្សារភ្ជាប់ចំណេះដឹង ទៅសកម្មភាពរើសសំរាមតាមទីសាធារណៈ ដែលជាសារបង្ហាញដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ សូមកុំបោះសំរាមចោលផ្តេសផ្តាស់ និងសូមកាន់សំរាមទៅបោះចោលឲ្យបានត្រឹមត្រូវ”។

នាឱកាសនោះ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ការប្រារព្ធទិវា អនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា គឺជាចលនាបង្កើនការចូលរួមយ៉ាងផុសផុល ពីសាធារណជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាន កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន សំដៅបំបាត់ភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ។ លោកអភិបាលរង បានស្នើដល់ប្រជាពលរដ្ឋត្រូវកែប្រែឥរិយាបថ និងទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃឲ្យមានការគិតគូរ ពីបញ្ហាបរិស្ថាន ជាពិសេសធ្វើយ៉ាងណាត្រូវចេះគិតគូរវេចខ្ចប់កាកសំណល់រឹង ឲ្យបានត្រឹមត្រូវ ស្របតាមប្រធានបទ តោះរួមគ្នាសំអាមផ្ទះរបស់យើង។

លោកបានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ជាអតិបរមានៅកំណើនមិនចាំបាច់ គឺថង់ប្លាស្ទីកបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់សោភ័ណភាពទីក្រុង ការកកស្ទះប្រព័ន្ធលូ បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សសត្វ និងបរិស្ថាន ដោយសារតែសំណល់នេះជាប្រភេទសំណល់មិនងាយពុកផុយ និងពោរពេញទៅដោយសារធាតុខ្ពស់ប្រភេទឧស្ម័នកាបូនិក ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកនៅពេលដែល យកថង់ប្លាស្ទីកទៅដាក់របស់ក្តៅដូចជា សម្ល បាយ បណ្តាលឲ្យរលាយ ជាតិវិទ្យុសកម្ម ហើយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកជាជម្រើសដ៏ល្អបំផុត៕

អត្ថបទដែលជាប់ទាក់ទង