ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបក្រុមស្រ្តីស៊ីឈ្នួលពពោះជំនួស ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះនារីរងគ្រោះ៣៣នាក់

126

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានចុះបង្ក្រាបករណីជួញដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការី នៃអំពើពពោះជំនួស ដោយឃាត់ខ្លួនជនសង្ស័យស្រីប្រុស៥នាក់ និងរំដោះបាននារីរងគ្រោះចំនួន៣៣នាក់។ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ប្រតិបត្តិការចុះបង្ក្រាបការពពោះជំនួសនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដោយមានការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បើតាមកម្លាំងនគរបាល ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី លោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបង្ក្រាបដោយ លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ផ្ទះទី១៖ផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG អាយុ៤៩ឆ្នាំ និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2A-6883 ម៉ូតូហុងដា Today ពណ៌ខ្មៅ មួយគ្រឿង និងផ្ទះទី២៖ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្តមួយគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-8863 និងដកហូតឯកសារមួយចំនួន លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានបញ្ជាក់ថា ដោយរាល់ថ្ងៃខ្លូនធ្វើការនៅរោចក្រ បន្ទាប់មកក៏មានមិត្តភក្តិ បបួល ដោយនិយាយថា បានលុយច្រើន រហូតដល់១ម៉ឺនដុល្លារ ពេលគិតៗទៅក៏យល់ព្រម ពេលនោះមិត្តភក្តិ ក៏បានឲ្យម៉ូតូឌុប ឌុបយកទៅបុរីវិមានភ្នំពេញតែម្ដង។ នារីរងគ្រោះបានបន្តទៀតថា ពេលរូបនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំទៅមន្ទីរពេទ្យ ដើម្បីបាញ់មេជីវិតចូលដោយបានឈ្នួលក្នុងតម្លៃ ពពោះកូន១ បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឲ្យចំនួន៥០០ដុល្លារ ខែបន្ទាប់ៗមកទៀត៣០០ដុល្លារ រហូតដល់កើតទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។

ក្រោយប្រតិបត្តិការ ស្រ្តីពពោះជំនួសចំនួន៣៣នាក់ ត្រូវបានបញ្ជួនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចំណែកជនសង្ស័យទាំង៥នាក់ប្រុសស្រី រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃុំខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី រីឯអ្នកមិនពាក់ព័ន្ធ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង