ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី ជាន់ខ្ពស់ក្រសួងកិច្ចការនារី ចូលរួមដោះស្រាយករណី ប្រើប្រាស់អំពើហិង្សានិងការរំលោភបំពានលើស្ត្រីនៅ ខេត្តក្រចេះ

88

ក្រចេះ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានជួបប្រជុំជាមួយមន្ត្រីជំនាញដោះស្រាយករណីប្រើប្រាស់អំពើហិង្សា និងការ រំលោភបំពានគ្រប់រូបភាពលើស្រ្តីនៅខេត្តក្រចេះ កាលពីរសៀលថ្ងៃអង្គារ៏ ៥រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
តាមការបញ្ជាក់ពីមន្ទីរកិច្ចកានារីខេត្តក្រចេះបានឱ្យដឹងថា៖ ការជួបប្រជុំជាមួយមន្រ្តីជំនាញនាពេលនោះគឺ ក្នុងគោលបំណងដើម្បីប្រមូលព័ត៌មាន និងលទ្ធផលនៃការអនុវត្តច្បាប់ជាតិ គោលនយោបាយ អនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនិងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ( CEDAW ) ដើម្បីរៀបចំរបាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងរបាយការណ៍ជាតិតាមការកំណត់ ដើម្បីបញ្ជូនទៅអង្គភាពសហប្រជាជាតិ និងដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធ និងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្រ្តី ។

លោកស្រី អ៊ឹង កន្ថាផាវី ក៏បានជួបប្រជុំជាមួយស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះដាច់ដោយឡែកពីគ្នាផងដែរ កាលពីរសៀលថ្ងៃចន្ទនេះដើម្បីត្រួតពិនិត្យនិងស្តាប់របាយការណ៍អំពីករណីបទល្មើស និងការដោះស្រាយ ការប្រើប្រាស់អំពើហិង្សានិងការរំលោភបំពានលើស្រី្តនៅខេត្តក្រចេះផងដែរ ។
លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ស្ត្រីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញ និងលើកកម្ពស់សមត្ថភាពស្ត្រី ក្នុងការចូលរួមទាំងវិស័យរដ្ឋ និងឯកជន។ លោកស្រីបានបញ្ជាក់ថា៖ ការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ ពលការិនី ទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ត្រូវបានបន្តយកចិត្តទុកដាក់ផងដែរ ។ ដោយឡែកសម្រាប់ស្ត្រីកម្ពុជាដែលបានចូលបម្រើការ ងារ ជាមន្ត្រីរាជការស៊ីវិល បានកើនឡើងនៃចំនួនមន្ត្រីរាជការដែលត្រូវបានចូលបម្រើការងារ និងត្រូវបានតែងតាំងក្នុងតំណែង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
លោកស្រីបានកោតសរសើរដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំដោះ ស្រាយនិងទប់ស្កាត់ នូវរាល់ករណីរំលោភបំពាន និងប្រើអំពើហិង្សាពីគ្រប់រូបភាពមកលើស្រ្តី ក្នុងសហគមន៍របស់ខ្លួន និងសូមបន្តការចូលរួមពង្រឹងដោះស្រាយ និងទប់ស្កាត់ ឈានទៅលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ( CEDAW ) ដែលជាគោលនយោបាយជាតិ ៕

អត្ថបទដែលជាប់ទាក់ទង